ប៉ូលិសថៃបានរាយការណ៍កាលពីម្សិលមិញថា មានអ្នកទេសចរជនជាតិរុស្ស៊ីចំនួន ៧ នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរំលោភអនុក្រឹត្យរបស់រដ្ឋាភិបាលថៃនៅពេលប្រមូលផ្តុំគ្នាក្នុងពិធីជប់លៀងមួយនៅក្នុងស្រុក Koh Phangan កាលពីយប់ថ្ងៃអាទិត្យ។
តាមរយៈពាក្យបណ្តឹងរបស់ប្រជាជនក្នុងតំបន់ អធិការស្រុក Koh Phangan លោក Poonsak Sophonpathumratបានសម្រុកចូលផ្ទះមួយនៅក្នុងភូមិ Nai Wokភ្លាមៗក្នុងវេលាពាក់កណ្តាលអាធ្រាត្រ។ ជនបរទេសទាំង៧នាក់បានរៀបចំពិធីជប់លៀងមួយហើយបានចាក់បទភ្លេងឮខ្លាំងៗ ដែលជាហេតុធ្វើឱ្យរំខានអ្នកជិតខាងនៅម្តុំនោះយ៉ាងខ្លាំង។ នៅពេលប៉ូលិសចូលទៅដល់ទីតាំងកើតហេតុ ក៏ឃើញជនជាតិរុស្ស៊ីទាំងប្រុសទាំងស្រីចំនួន ៧ នាក់នៅក្នុងផ្ទះ។ លើសពីនោះប៉ូលិសក៏បានប្រទះឃើញមានកញ្ឆាមួយចំនួនផងដែរ។ អ្នកទេសចរទាំងនេះត្រូវបាននាំខ្លួនទៅកាន់ស្នងការនគរបាលកោះ Phangan ដែលជាកន្លែងដែលពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភអនុក្រឹត្យ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
រូបតំណាង
ជាមួយគ្នានេះដែរក៏មានបុរសចំនួន១០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅយប់ថ្ងៃចន្ទពីបទរំលោភបម្រាមគោចរក្នុងប្រទេសថៃនៅម៉ោង ១០យប់ដល់ម៉ោង ៤ព្រឹកនៅស្រុក Muang ខេត្តភូកេត។ អ្នករំលោភបម្រាមគោចរទាំងនោះជាបុរសជនជាតិថៃអាយុចន្លោះពី ១៨ ទៅ ៤៩ឆ្នាំ ត្រូវបានចាប់ខ្លួនដោយក្រុមអ្នកស្ម័គ្រចិត្តឃ្លាំមើលបម្រាមគោចរនៅពេលយប់។ អ្នកស្ម័គ្រចិត្តចំនួន ២០ នាក់ត្រូវបានដាក់ពង្រាយជាក្រុមដើម្បីចុះល្បាតក្នុងស្រុកដោយប្រើឡានដឹកទំនិញ២គ្រឿង និងម៉ូតូចំនួន ៤ គ្រឿងនិងដាក់បម្រាមគោចរក្នុងគោលបំណងទប់ស្កាត់ការប្រមូលផ្តុំក្នុងសង្គម និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលនៃវីរុសកូរ៉ូណា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post