ក្រុងប៉ារីស៖ ក្នុងសារចូលរួមរំលែកទុកជាមូយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលTNAOT APP ទទួលបាននៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០២នេះ លោកសម រង្ស៊ី បានឲ្យដឹងថា ទោះបីជំហរនយោបាយរបស់យើងម្នាក់ៗ ខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកបណ្តាលមកពីមរណភាព មនុស្សជាទីស្រលាញ់អាចកើតមានដូចគ្នាគ្រប់ពេលវេលា។
ជាមួយគ្នានោះ លោក សម រង្ស៊ី ក៏បានរម្លឹក ពីកាយវិការដ៏ប្រពៃ របស់សម្តេចនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ កាលម្តាយក្មេករបស់លោក គឺលោកជំទាវ ញឹក ជូឡុង មាសកេត សមភ័ក្រ ទទួលអនិច្ចកម្ម កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោបានទូរស័ព្ទមកភរិយារបស់លោក នៅទីក្រុងភ្នំពេញដើម្បីចូលរួមមរណទុក្ខ ហើយសម្តេចតេជោ ក៏បានឲ្យ ឯកឧត្តម ហ៊ុន ម៉ានី មកចូលរួមពិធីបុណ្យសពម្តាយក្មេកលោកទៀតផង។
លោក សម រង្ស៊ី ថា ទោះជាកាលៈទេសៈនយោបាយពេលនោះ មិនបានអនុញ្ញាតឲ្យលោកចូលរួមក្នុងពិធីបុណ្យសពម្តាយក្មេក ដែលលោកចាត់ទុកដូចជាម្តាយបង្កើត យ៉ាងណាក៏ដោយ ក៏លោកមិនភ្លេចកាយវិការដ៏ប្រៃរបស់សម្តេចតេជោ និងក្រុមគ្រួសារ ដែលធ្វើមកលើក្រុមគ្រួសារលោកឡើយ៕ ដោយ៖ ប៊ុនធឿន