ការបើកទ្វារដំណើរការសេដ្ឋកិច្ចជួយដល់ពលរដ្ឋអាមេរិក ដែលអត់ការងារធ្វើ រហូតដល់១៨លាននាក់ឲ្យមានការងារធ្វើឡើងវិញ ប៉ុន្តែក៏ប្រឈមនឹងហានិភ័យខ្ពស់ ហើយអ្នកស្លាប់ដោយកូវីដ១៩ អាចកើនឡើងដល់ទៅ២សែននាក់។
តាមការវាយតម្លៃរបស់មហាវិទ្យាល័យ Pennsylvania បានបញ្ជាក់ថា នៅពេលអាមេរិក កាត់បន្ថយការរឹតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ បានជួយដល់ពលរដ្ឋ១៨លាននាក់ ឲ្យមានការងារធ្វើ។ ទន្ទឹមនឹងនេះដែរ ក៏មានពលរដ្ឋយ៉ាងតិច២,២៥លាននាក់ ឆ្លងកូវីដ១៩ និងស្លាប់កើនឡើង១១៦ពាន់នាក់ គិតដល់ថ្ងៃទី៣០ ខែមិថុនា។ ការលើកឡើងខាងលើបានបង្ហាញយ៉ាងច្បាស់ពីហានិភ័យខ្ពស់ ដោយសារតែការរស់នៅជាមួយកូវីដ១៩។
បើតាមការព្យាការណ៍របស់មហាវិទ្យាល័យ Pennsylvania ប្រសិនបើបណ្តារដ្ឋទាំងអស់ លុបច្បាប់បម្រាមទាំងឡាយ ដើម្បីបើកទ្វារសេដ្ឋកិច្ចទាំងស្រុងវិញនោះ នឹងធ្វើឲ្យពលរដ្ឋឆ្លងកូវីដ១៩ កើនឡើងដល់ទៅ៨លាននាក់ និងស្លាប់ ដល់ទៅ៣៥០ពាន់នាក់ គិតដល់ចុងខែមិថុនា។
ក្នុងរយៈពេល៥សប្តាហ៍កន្លងមក មានពលរដ្ឋអាមេរិក ដល់ទៅ២៦,៤លាននាក់ ដាក់លិខិតសុំជំនួយ ដោយសារការអត់ការងារធ្វើ។ ចំណុចទាំងនោះហើយ ទើបធ្វើឲ្យរដ្ឋមួយចំនួនប្រថុយនឹងគ្រោះថ្នាក់ បើកទ្វារសេដ្ឋកិច្ចឡើងវិញ។ បច្ចុប្បន្ននៅទូទាំងអាមេរិក មានអ្នកឆ្លងកូវីដ១៩ កើនឡើង ដល់ទៅ១,២លាននាក់ ស្លាប់ជាង៧២ពាន់នាក់៕ ប្រែសម្រួលដោយ៖MEO