យានអវកាសគ្មានមនុស្សបើក និងកន្សោមវិលត្រឡប់ តាមរយៈរ៉ុក្កែត Long March 5B ត្រូវបាញ់បង្ហោះនៅចិន
ប្រទេសចិនបានបាញ់បង្ហោះយានអវកាសរចនាថ្មី ជាផ្នែកមួយ នៃផែនការដ៏មានមហិច្ឆតារបស់ខ្លួន ដើម្បីសាងសង់ស្ថានីយអវកាស ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានផ្សាយថា យានអវកាសដែលគ្មានមនុស្សបើក និងកន្សោមវិលត្រឡប់របស់វា ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស តាមរយៈរ៉ុក្កែត Long March 5B ។ នេះជាការបាញ់បង្ហោះលើកដំបូងរបស់ចិន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ។
កន្សោមយានទាំងនេះរៀបចំដាក់ចេញនៅមជ្ឈមណ្ឌលបាញ់បង្ហោះ Wenchang ស្ថិតនៅភាគខាងត្បូងខេត្តកោះ Hainan ។ កន្សោមយាននេះត្រូវបានកែលម្អឲ្យកាន់តែប្រសើរពីកន្សោមយានអវកាស Shenzhou ផ្អែកលើគំរូកន្សោមយាន Soyuz សម័យសហភាពសូវៀត និងដឹកអវកាសយានិកបាន៦នាក់ជាជាងតែ៣នាក់ ។
រ៉ុក្កែកថ្មីប្រភេទ Long March 5B ត្រូវបានបង្កើតឡើងជាពិសេសដើម្បីនាំយកទម្រង់យានអនាគត នៃស្ថានីយអវកាសចូលទៅកាន់គន្លងគោចរ ។
ចិនមានសង្ឃឹមថា អាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក, រុស្ស៊ី និងក្រុមហ៊ុនឯកជនដទៃផ្សេងទៀត នៅក្នុងការរុករកអវកាសខាងក្រៅ។
កាលពីមុនប្រទេសចិនបានបើកស្ថានីយអវកាសសាកល្បងមួយ ហើយក្រោយមកបានធ្លាក់ចូលទៅក្នុងបរិយាកាស ។ ប្រទេសនេះ គ្រោងនឹងសាងសង់កន្លែងធំមួយ ដែលមាន ម៉ូឌុល(modules)ច្រើន បើប្រៀបធៀបទៅនឹងស្ថានីយអវកាសអន្តរជាតិ។
កម្មវិធីអវកាសដែលកំពុងរីកដុះដាលរបស់ប្រទេសចិនបានទទួលជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន តាមរយៈការចុះចតយានអវកាស នៅផ្នែកឆ្ងាយនៃព្រះចន្ទ ដែលមិនទាន់ត្រូវបានគេរកឃើញ ហើយមានផែនការបាញ់បង្ហោះផ្កាយរណប និងធ្វើដំណើរពីលើភពព្រះអង្គារ ។
កម្មវិធីនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីបេសកកម្មរបស់អវកាសយានិកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៣ ហើយបានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសនៅអឺរ៉ុប និងកន្លែងផ្សេងទៀត។
សហរដ្ឋអាមេរិកបានហាមឃាត់កិច្ចសហប្រតិបត្តិការអវកាសភាគច្រើនជាមួយចិន ដោយលើកកង្វល់បារម្ភពីសន្តិសុខជាតិ ជាហេតុជំរុញឱ្យប្រទេសចិនអភិវឌ្ឍឧបករណ៍ដោយខ្លួនឯង ៕ ប្រែសម្រួលដោយ៖ thach yat