រហូតមកទល់ពេលនេះ អូស្ត្រាលីមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៨០០នាក់ និងស្លាប់ ៩៦នាក់តែប៉ុណ្ណោះ។ ចំណែកនូវែលហ្សេឡង់វិញ មានអ្នកឆ្លងតែ ១១៣៧នាក់ និងស្លាប់ ២០នាក់។ បច្ចុប្បន្នប្រទេសទាំងពីរ បានកាត់បន្ថយការរឹតត្បិត ដោយសារតែមិនមានអ្នកឆ្លងថ្មី អស់រយ:ពេលជាច្រើនថ្ងៃជាប់ៗគ្នា ។
ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានសម្រេចបើកព្រំដែនឡើងវិញ ក្រោយពេលបានបិទទាំងស្រុង អស់រយៈពេលជាងមួយខែកន្លងមកហើយ ដោយហាមប្រាមពលរដ្ឋ នៅក្នុងប្រទេសទាំងពីរ ធ្វើដំណើរចុះឡើង ក៏ដូចជា ការដាក់ឲ្យនៅដាច់ដោយឡែក ចំពោះជនបរទេស ដែលចូលមកកាន់ប្រទេសទាំងពីរនេះ។
នៅថ្ងៃទី៥ ខែឧសភានេះ អូស្ត្រាលី និងនូវែលហ្សេឡង់ (ញូវហ្ស៊ឺឡែន) បានសម្រេចបើកទ្វារព្រំដែនឡើងវិញ អនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ព្រោះខ្លាចមានឆ្លងរាតត្បាតពីកូវីដ១៩ សាជាថ្មី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថា ច្រកផ្លូវអន្តរជាតិដំបូង ត្រូវបើកដំណើរការ គឺផ្លូវឆ្លងសមុទ្រ Tasman ។ ជាមួយគ្នានេះដែរ អូស្រ្ដាលីក៏នឹងបើកជើងហោះហើរ ព្រមគ្នាផងដែរ។
សូមបញ្ជាក់ថា ការបើកព្រំដែនធ្វើឡើង តែប្រទេសទាំងពីរប៉ុណ្ណោះ ចំណែកជាមួយប្រទេសទៀត នៅមិនទាន់អនុញ្ញាតឲ្យហោះហើរចូលទៅកាន់ប្រទេសអូស្ត្រាលីនៅឡើយ៕ ប្រែសម្រួលោយ៖ MEO