នៅវេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះមានករណីបុរសជនជាតិចិនម្នាក់ដេកស្លាប់ នៅចំណុចក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៧និង៥០នាទីល្ងាច តែដោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក ក៏ស្រាប់តែដាច់ខ្យល់ស្លាប់នៅវេលាម៉ោងកើតហេតុ។
យោងតាមការពិនិត្យកោសល្យវិច័យពីលោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានឱ្យដឹងថា សាកសពស្លាប់ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល។
បច្ចុប្បន្នសាកសពបុរសជនជាតិចិនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែ និងបានដាក់តម្កល់នៅក្នុងសាលដាក់សពរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ