បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំនិងសំខាន់បំផុតមួយក្នុងចំណោមបុណ្យដ៏សំខាន់ៗក្នុងព្រះពុទ្ធសាសនា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ក្នុងឆ្នាំនេះ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
តើពិធីបុណ្យវិសាខបូជាមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់មនុស្សជាតិទូទៅ ?
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារៈសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
អាស្រ័យហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ ទោះបីជាពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នៅក្នុងខែចេត្រក្តី ប៉ុន្តែរហូតដល់ថ្ងៃ ១រោច ខែពិសាខ គឺ១ថ្ងៃក្រោយពិធីបុណ្យវិសាខបូជាទើបប្រតិទិនចន្ទគតិខ្មែរដែលគិតតាមដំណើរគោចរនៃព្រះចន្ទ ផ្លាស់ចូលពុទ្ធសករាជថ្មី។ ដូចជាក្នុងឆ្នាំនេះ ថ្ងៃសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត ត្រូវប៉ះចំថ្ងៃចន្ទ ៦រោច ខែចេត្រ ប៉ុន្តែគឺនៅក្នុងពុទ្ធសករាជ ២៥៦៣ ដដែល រហូតលុះត្រាដល់ថ្ងៃពុធ ១៥កើត ខែវិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា ត្រូវនឹងថ្ងៃទី៦ ខែឧសភា។ ក្រោយពីទិវាពិធីបុណ្យដ៏សំខាន់នេះរួច ទើបពុទ្ធសករាជ ២៥៦៤ ឈានចូលមកដល់ដោយបរិបូណ៌ នៅថ្ងៃ ១រោច ខែពិសាខ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ “ព្រះរាជពិធីទ្វាទសមាស” ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានសរសេរកត់ត្រាថា ទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់តាំងពីបុរាណយូរអង្វែងមកហើយក្ដី អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះ បានបញ្ជាក់ថា ពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ឬថ្ងៃ ខែ ឆ្នាំ នៃការចាប់ផ្ដើមប្រារព្ធពិធីបុណ្យដ៏សំខាន់បំផុតមួយនេះ ឲ្យបានច្បាស់លាស់ឡើយ។ ប៉ុន្តែក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់បុណ្យវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ដែលហៅថា «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជា ផងដែរ នាសម័យប្រជុំក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិ ក្នុងប្រទេសសិរីលង្កា នាខែវិច្ឆិកា ឆ្នាំ១៩៩៨។