ប្រភពព័ត៌មាន France 24 ផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា មេដឹកនាំប្រឆាំងរបស់ប្រទេសប៉េរូ លោកស្រី Keiko Fujimori ត្រូវបានដោះលែង កាលពីថ្ងៃទី៤ ខែឧសភា បន្ទាប់ពីការឃុំខ្លួនបណ្តោះអាសន្ន ១៥ខែ ហើយអនុវត្តទោសបាន៣ខែ ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ។
ថ្លែងនៅលើបណ្តាញសង្គមធ្វីធើ មេបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា លោកស្រីនឹងទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្តវីរុសកូវីដ១៩ មុនពេលទៅកាន់លំនៅឋានរបស់ខ្លួន ។ គាត់បានចាកចេញពីមន្ទីរឃុំខាំង នៅរដ្ឋធានី Lima ដោយពាក់ម៉ាស់ ហើយនិងស្រោមដៃពណ៌ស ។
កាលពីបួនថ្ងៃមុននេះ តុលាការបានកំណត់ឲ្យអ្នកស្រីបង់ប្រាក់ ប្រហែល ២០ ០០០ ដុល្លារ ដើម្បីបាននៅក្រៅឃុំ ។ មេបក្សប្រឆាំងរូបនេះ បច្ចុប្បន្នមានអាយុ៤៤ឆ្នាំ ។
អ្នកស្រីបានស្នើការដោះលែង ដោយភ័យខ្លាចថា អាចនឹងឆ្លងវីរុសកូវីដ១៩ នៅក្នុងពន្ធនគារ Chorrillos ដែលជាទីសម្រាប់ឃុំខ្លួនអ្នកទោសស្ត្រី ។
អ្នកស្រីបានជាប់ពន្ធនាគារ កាលពីខែខែមករា ឆ្នាំ២០២០ គឺរយៈពេលតែពីរខែប៉ុណ្ណោះ បន្ទាប់ពីការដោះលែងពីការឃុំខ្លួនបណ្តោះអាសន្ន១៣ខែ កាលពីគ្រាមុនមុន ។
នៅពេលដែលអ្នកស្រីជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសប៉េរូនោះ លោកស្រី Fujimori ត្រូវគេចោទប្រកាន់ថា បានទទួលយកថវិកាចំនួន ១,២ លានដុល្លារ ជាមូលនិធិខុសច្បាប់ ផ្តល់ដោយក្រុមហ៊ុនសាងសង់ដ៏ធំរបស់ប្រេស៊ីល Odebrecht ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១១ ។ ការបោះឆ្នោតនោះ គណបក្សរបស់អ្នកស្រីមិនទទួលបានជោគជ័យនោះទេ ។
ក្រុមហ៊ុន Odebrecht ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ មានលក្ខណៈធំទូលំទូលាយហើយបានសារភាពថា ខ្លួនបានបង់ប្រាក់សំណូករាប់រយលានដុល្លារដើម្បីឈ្នះកិច្ចសន្យាយ៉ាងជូរចត់នៅក្នុងប្រទេសចំនួន១២ ។
ក្រុមហ៊ុនបាននិយាយថា យ៉ាងហោចណាស់ប្រាក់ចំនួន ២៩ លានដុល្លារត្រូវបានបង់ទៅឱ្យក្រុមមន្រ្តីប៉េរូ ពីឆ្នាំ ២០០៤ រួមទាំងសូកប៉ាន់អតីតប្រធានាធិបតី ៤ នាក់ផងដែរ ដូចជា Alejandro Toledo, Ollanta Humala, Pedro Pablo Kuczynski និងចុងលោកប្រធានាធិបតី Alan Garcia ដែលបានជាប់ទាក់ទងនឹងរឿងអាស្រូវនេះ ។
ទូរទស្សន៍ប៉េរូ បានផ្សព្វផ្សាយរូបភាពឃើញបុគ្គលិកមន្ទីរពិសោធន៍ឯកជនមួយ កំពុងរង់ចាំនៅខាងក្រៅផ្ទះរបស់អ្នកស្រីមេបក្សប្រឆាំង ដើម្បីធ្វើតេស្តអ្នកស្រីរកវីរុសកូវីដ១៩ ។
អ្នកស្រីត្រូវបានគេហាមឃាត់មិនឱ្យរស់នៅក្នុងផ្ទះតែមួយ ជាមួយប្តីជនជាតិអាមេរិក គឺលោក Mark Villanella នោះឡើយ ខណៈប្តីគាត់កំពុងស្ថិតក្នុងការស៊ើបអង្កេត ក្នុងករណីពុករលួយដូចគ្នានេះដែរ ៕ ប្រែសម្រួលដោយ៖ thach yat