ក្លិបបាល់ទាត់ Manchester City និង Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងដាក់គោលដៅនាំយកខ្សែបម្រើវ័យក្មេងសញ្ជាតិហូឡង់ គឺកីឡាករ Mohamed Ihattaren ពីក្លិប PSV នៅរដូវក្តៅនេះ។
Ihattaren ជាកីឡាករក្មេងបំផុតដែលបានជាប់ឈ្មោះលេងឱ្យក្រុមជម្រើសហូឡង់ ហើយក៏កំពុងលេងឱ្យក្រុមឈុតធំ PSV នៅរដូវកាលនេះផងដែរ ដោយរកបាន ៣ គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី(Assists) ចំនួន ៤ លើកផងដែរ ក្នុងការបង្ហាញខ្លួន ២២ ប្រកួត។
បើយោងតាមគេហទំព័រ Calciomercato បានឱ្យដឹងថា Man City និង Chelsea បានបញ្ជូនភ្នាក់ងាររបស់ខ្លួនឱ្យទៅតាមដានទម្រង់លេងរបស់ខ្សែបម្រើរូបនេះតាំងពីលីគកំពូល Eredivisie មិនទាន់បានរំសាយចោលនៅរដូវកាលនេះមកម្ល៉េះ។
យ៉ាងណាមិញ លោក Mino Raiola ដែលត្រូវភ្នាក់ងាររបស់ខ្សែបម្រើរូបនេះ បានឱ្យដឹងថា៖ “Ihattaren នៅក្មេងណាស់គេមិនទាន់ពេញវ័យពេញលេញនៅឡើយទេ យើងនឹងណែនាំឱ្យគេបន្តស្នាក់នៅ PSV នៅថ្ងៃខាងមុខទៀត។ នេះជាកន្លែងដែលគេអាចពង្រឹងសមត្ថភាពនិងអភិវឌ្ឍខ្លួនបានយ៉ាងល្អ ជាជាងទៅអង្គុយនៅកៅអីបម្រុងរបស់ក្លិបទាំងនេះ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖Fotmob