អ្នកនាំពាក្យក្រសួងយុត្ដិធម៌៖ បើអនុវត្តន៍បំពាន មន្ត្រីអនុវត្តន៍ច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
ភ្នំពេញ៖ មន្ត្រីអនុវត្តន៍ច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោង តាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមហ្វេសប៊ុកផ្ទាល់ខ្លួន គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌ សរសរេកាលពីម្សិលមិញ។
យោងតាមមាត្រា៧៤ បានលើកឡើងថា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី ១០០,០០០រៀល ទៅ ៨០០,០០០រៀល។ ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយនៃយានជំនិះ ដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬបាត់បង់នោះ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងយុត្ដិធម៌។
ពាក់ព័ន្ធការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ច នឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។
យ៉ាងណាក៏ដោយ គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះ ពីការផាកពិន័យនៅនឹងកន្លែងទៅលើប្រជាពលរដ្ឋ មួយចំនួនធ្វើឲ្យពួកគាត់មិនសុខចិត្តផងដែរ។ យ៉ាងនេះក្តី មន្ត្រីអនុវត្តន៍ច្បាប់ដែលមិនត្រឹមត្រូវ នោះត្រូវបានថ្នាក់លើ ព្យូរការងារជាបន្តបន្ទាប់ដែរ៕ ដោយ៖ ប៊ុនធឿន