ភ្នំពេញ៖ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក គឹម សុធិន បានឱ្យដឹងថា ក្រុមបុរាណវិទូ ដែលកំពុងធ្វើកំណាយស្រាវជ្រាវនៅការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់) និងត្រីសូល៍។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០នេះ។ បើតាមការឱ្យដឹងពីក្រុមការងារ ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើន ដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។ ជាមួយគ្នានេះ បុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។
ចំពោះខ្វាតពណ៌ស (គ្រីស្តាល់) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។
លោក គឹម សុធិន បានបន្ដថា ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថា ស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ យ៉ាងណា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា លទ្ធផល នឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់៕ ដោយ៖ ប៊ុនធឿន