បន្ទាប់ពីបែកគ្នាអស់មួយឆ្នាំ នៅពេលដែលខ្ញុំកំពុងដើរតាមដងផ្លូវ យើងបានជួបគ្នាម្ដងទៀត។ ព្រោះតែនឹករលឹកពេក គាត់ក៏បានឈប់ម៉ូតូដើម្បីជួបខ្ញុំ។ វាជាការរំភើបដ៏ញាប់ញ័រ ព្រោះភ្លាមនោះឡានប៉ូលីសសណ្ដាប់ធ្នាប់ក៏បានមកដល់ ហើយក៏បានចាប់ម៉ូតូរបស់គាត់ដាក់ទៅលើឡានជាបន្ទាន់ដែរ។
តើត្រូវធ្វើយ៉ាងណា? នេះជាសំណួរដ៏ពិបាកមួយសម្រាប់វ័យដំបូងក្នុងភាពជានិស្សិតសាកលវិទ្យាល័យ។ ម៉ូតូបីគ្រឿងត្រូវគេឃាត់ ក្នុងនោះពីរគ្រឿងត្រូវបានគេចាប់ដាក់លើឡានរួចជាស្រេច មានតែម៉ូតូមួយដែលជាកម្មសិទ្ធរបស់ប៉ូលីសម្នាក់មិនទាន់បានរុញឡើង ហើយគាត់កំពុងតែជជែកសម្របសម្រួលគ្នា។
“បើបងមិនចាប់ម៉ូតូនេះដាក់ឡានទេ ខ្ញុំនឹងប្ដឹងហើយ!” (សំឡេងមួយស្រែកជំទាស់)។ ភាពអ៊ូរអរបានកើតឡើងមួយភ្លាមមួយរំពេច អ្នកគ្មានម៉ូតូត្រូវប៉ូលីសឃាត់សោះខំស្រែកតវ៉ាដែរ… បុរសម្នាក់បានសួរទៅប៉ូលីស…
“ហេតុអ្វីក៏មានឡានចតខុសដែរបែរមិនចាប់?”
“គ្នាខ្ញុំមានតែប៉ុណ្ណឹង តើធ្វើម៉េចទើបចាប់បានទាំងអស់… អ្នកគ្មានតួនាទីកុំចេះដឹងឱ្យសោះ!”
ក្រោយប៉ូលីសចំណាស់ម្នាក់ស្រែកតបវិញយ៉ាងតឹងសរសៃកក្នុងកំហឹងដ៏ក្ដៅក្រហាយ នៅទីបំផុតសកម្មភាពតវ៉ាជំទាស់កាន់តែខ្លាំងឡើងៗបានធ្វើឱ្យម៉ូតូរបស់ប៉ូលីសក្នុងឯកសណ្ឋានស៊ីវិលត្រូវចាប់អូសឡើងរថយន្តដែរ។ ប៉ូលីសសណ្ដាប់ធ្នាប់ប្រាប់៖
“ម៉ូតូទាំងអស់យកទៅទុកនៅការិយាល័យសណ្ដាប់ធ្នាប់សាធារណៈក្រោយគុកទួលស្លែង ប្អូនឯងរកអីជិះតាមទៅ… គេមិនអនុញ្ញាតឱ្យជិះឡាននេះទេ”
ឡានប៉ូលីសបើកទៅសន្សឹមៗចេញទៅ… អ្នកដែលត្រូវប៉ូលីសឃាតម៉ូតូពីរនាក់ប្ដីប្រពន្ធ មិត្តខ្ញុំ និងខ្ញុំ ក៏ប្រញាប់ហៅកង់បីជិះតាមឡានប៉ូលីស។ ចំណែកប៉ូលីសដែលនិយាយសម្របសម្រួលជាមួយប៉ូលីសសណ្ដាប់ធ្នាប់មិនដឹងបាត់ទៅណានោះទេ។
ចាកចេញពីសួនច្បារព្រះបរមរាជវាំងមាត់ទន្លេមកដល់រង្វង់មូលសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត ឡានប៉ូលីសក៏ឈប់ចតដោយគ្មានការបកស្រាយអ្វីទាំងអស់។ ចំណែកម៉ូតូកង់បី ព្រោះតែចង់រកប្រាក់ចំណូលបន្ថែមបន្តិចបន្តួច នាពេលយប់កាន់តែជ្រៅនៅក្នុងសកម្មភាពបន្ទាន់នេះ បានទុកម្ដាយក្មេក និងប្រពន្ធចោលឱ្យដើរ ហើយខំទ្រាំដឹកពួកខ្ញុំនោះ ក៏ចាប់ផ្ដើមបង្ហាញអាការៈធុញទ្រាន់នៃការរង់ចាំ។
ដោយមិនចង់ឃើញសកម្មរង់ចាំបែបនេះ ខ្ញុំក៏ឱ្យថ្លៃឈ្នួលពាក់កណ្ដាល១ម៉ឺនរៀលទៅគាត់។ ប្រហែល២០នាទីក្រោយមក ឡានប៉ូលីសក៏បន្តដំណើរទៅមុខទៀត… ភាពឆ្លេឆ្លារកកង់បីក៏កើតឡើងជាបន្ត… ទីបំផុតយើងក៏អាចរកកង់បីបានមួយទៀត ដើម្បីធ្វើដំណើរតាមឡានប៉ូលីស។ ជាថ្មីម្ដងទៀត ឡានប៉ូលីសក៏ឈប់សំចតនៅម្ខាងផ្លូវនៃដើមពោធិ៍នាសួចច្បារវិមានឯករាជ្យ។ ភាពច្រាសច្រាលបានឆាបឆួល… នោះគឺជាភាពធុញទ្រាន់នៃការរង់ចាំគ្មានការកំណត់ តែសំណាងល្អ ការរង់ចាំនេះ គឺមិនយូរឡើយ។ ចុងបញ្ចប់ឡានប៉ូលីសបានមកដល់គោលដៅនៃការយកម៉ូតូរក្សាទុក ដោយប៉ូលីសម្នាក់ដែលត្រូវគេចាប់ម៉ូតូដែរនោះកំពុងតែនៅរង់ចាំរួចជាស្រេច មិនដឹងតាំងពីពេលណា។
មិនមានការប្រគល់លិខិតបញ្ជាក់អំពីការថែរក្សាឡើយ ទោះជាមានការស្នើសុំយ៉ាងណាក៏ដោយ សម្ដីដែលមិនអាចធានាយកជាការបាន នៅតែបន្លឺពីមាត់ប៉ូលីសសណ្ដាប់ធ្នាប់ដដែល គឺទុកនៅទីនេះហើយមិនមានការបាត់បង់អ្វីឡើយ សូម្បីតែខ្ចីមួយគ្រាប់។
តើនេះជាការងារដែលមានច្បាប់សង្គមរបស់មនុស្សជំនាន់នេះឬ?
ខ្ញុំបានត្រឹមតែគិត! គិតដោយមិនយល់ទាល់តែសោះអំពីរបៀបធ្វើការនៃមន្ត្រីប៉ូលីសរបស់ប្រទេសកម្ពុជា។ ចំណែកប៉ូលីសដែលត្រូវគេចាប់ម៉ូតូដែរនោះកំពុងតែខ្សឹបខ្សៀវជាបន្ត។ តើធ្វើម៉េចនឹងអាចយកម៉ូតូចេញទៅបានមិត្តខ្ញុំនិងប្ដីប្រពន្ធដែលត្រូវប៉ូលីសចាប់ម៉ូតូនៅតែទ្រាំឈររង់ចាំនៅនឹងមុខពួកគេដែរនោះ។ រយៈពេលមួយម៉ោងយ៉ាងរហ័សនៃការមិនព្រមសម្របសម្រួលគ្នា ឬមិនអាចធ្វើទៅបាន ដោយព្រមសម្របសម្រួលតែមួយករណីប៉ូលីសដូចគ្នាបានកន្លងផុតទៅ ប៉ូលីសម្នាក់នោះក៏ត្រូវបង្ខំចិត្តដើរចាកចេញទៅជាមួយស្រីក្មេងខ្ចីរបស់គាត់យ៉ាងមួរម៉ៅ។
មិត្តខ្ញុំនិងខ្ញុំនៅស៊ូរងចាំបន្តទៀត ទោះបីពីរនាក់ប្ដីប្រពន្ធសម្រេចចិត្តទៅផ្ទះក៏ដោយ ព្រោះមិត្តខ្ញុំនិងខ្ញុំខ្លាចក្រែងប៉ូលីសត្រឡប់មកវិញដោះស្រាយឱ្យ។ ទ្រនិចនាឡិកាចេះតែរំកិល រន្ទះបានជះពន្លឺឯនាយ ផ្គរបានបន្លឺល្វើយៗពីចម្ងាយ ជំនោរត្រជាក់បានបក់ផាត់មកដល់ ភាពស្រៀវស្ញើបក្នុងរាត្រីបានធ្វើឱ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ព្រឺសម្បុរខ្ញាក់។
នេះជាមេរៀនមួយនៅយប់នោះ..
“ប្រសិនបើអ្នកចង់ឱ្យគេឈឺចាប់ប៉ុនណា គឺអ្នកនឹងវេទនាជាងគេទ្វេដងប៉ុននោះ”
“ប្រសិនបើអ្នកចង់ឱ្យគេឈឺចាប់ប៉ុនណា គឺអ្នកនឹងវេទនាប៉ុននោះ”
“ហ៊ានទទួលស្គាល់កំហុស មានឆន្ទនៈហ៊ានប្រឈមមុខ និងមានលុយនៅក្នុងដៃ នោះបញ្ហាទាំងឡាយ គឺមិនពិបាកនឹងដោះស្រាយឡើយ។ តើខ្វល់ខ្វាយមានប្រយោជន៍អ្វី បើគង់តែដោះស្រាយបានដដែលនោះ!”
តក់ៗភ្លៀងស្រក់តក់ៗបង្កសំឡេងរំខាន ប្រៀបបាននឹងសំឡេងឆ្កែឆ្មាកំពុងឈ្លោះគ្នា… រាត្រីសួស្ដី!
អរុណោទ័យថ្មីបានមកដល់ មិត្តខ្ញុំនិងខ្ញុំបានមកដល់ការិយាល័យសណ្ដាប់ធ្នាប់សាធារណៈសារជាថ្មី ហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលដំបូងគេនោះ គឺប៉ូលីសដែលត្រូវគេចាប់ម៉ូតូដែរនោះបានចាកចេញយ៉ាងរហ័សពីមុខពួកខ្ញុំ។ ពេលមិត្តខ្ញុំនិងខ្ញុំចូលទៅជួបដើម្បីដោះស្រាយគេថា រងចាំបីថ្ងៃ… ខ្ញុំសួរទៅវិញថា ចុះម៉ូតូប៉ូលីសអម្បាញ់មិញគេអាចយកចេញបាន? ហេតុអ្វីកាលពីយប់មិញហ៊ាននិយាយថា អាចដោះស្រាយបាន? ប៉ូលីសសណ្ដាប់ធ្នាប់ម្នាក់នោះនិយាយថា “នេះជាបញ្ជាថ្នាក់លើ”។
ឱចម្លើយដ៏គ្មានទំនួលខុសទម្លាប់បន្តគ្នាអើយ!
តើវាជាចរិតរបស់មនុស្សខ្មែរសម័យនេះឬ?
វេលាម៉ូតូចាប់បានថ្មីដែលទើបនឹងចូលមកដល់ ម៉ូតូមួយចេញ… ពេលដែលខ្ញុំសួរម្ចាស់ម៉ូតូពីរនាក់ម្ដាយកូន ចម្លើយពីរយ៉ាងបានឆ្លើយបញ្ច្រាសទិសគ្នា។ បុរសជាកូនឆ្លើយថា “ម៉ូតូទើបចាប់នៅម៉ោង៧ព្រឹកមិញនេះ ហើយអាចយកទៅវិញបានដោយសារតែម៉ាកខ្ញុំគាត់ស្គាល់គេ”។ រីឯម្ដាយឆ្លើយយ៉ាងលឿនវិញថា “គេទុកអស់បីថ្ងៃហើយអូន! កុំជឿអាកូនផ្ដេសផ្ដាសនេះ!”។
តើខ្ញុំគួរជឿមួយណា?
រំពេកនោះ ពីរនាក់ប្ដីប្រពន្ធដែលត្រូវគេចាប់ម៉ូតូជាមួយខ្ញុំកាលពីម្សិលមិញដែរនោះបានមកដល់ ហើយខ្ញុំសាកសួរសុំយោបល់ពីគាត់ដោយគ្មានបានផលអ្វីដដែល។ ដោយសារតែមានការសម្របសម្រួលពីបងរបស់គាត់ដែលជាប៉ូលីសដែរនោះ គាត់ក៏អាចយកម៉ូតូចេញបានដោយស្រួល ក្នុងតម្លៃពិន័យ២ម៉ឺនរៀល ខណៈអ្នកដទៃត្រូវផាកពិន័យ៣ម៉ឺនរៀល ហើយបើត្រឹមត្រូវតាមច្បាប់២ម៉ឺន៣ពាន់រៀល។ ២ម៉ឺនរៀលសម្រាប់ថ្ងៃដឹកជញ្ជូល ចំណែក២ពាន់រៀលសម្រាប់ថ្លៃថែរក្សា និងការផាកពិន័យល្មើសសណ្ដាប់ធ្នាប់សាធារណៈ។
ម៉ូតូមិត្តខ្ញុំមិនអាចដោះស្រាយយកចេញបានឡើយនៅពេលនេះ! ត្រូវរង់ចាំបន្តពេលនេះ ពេលនោះ តាមតែសម្ដីដែលមិនអាចយកជាការបាន និងរុញចុះរុញឡើងតាមតែទំនើងចិត្តរបស់ប៉ូសីលសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភាពល្លង់ខ្លៅទាំងអស់គ្នាចំពោះច្បាប់បក្សពួកនៃប្រទេសនេះ។
អូ! ខ្ញុំភ្លេចប្រាប់មិត្តអ្នកអានថា អ្នកដែលមកដោះស្រាយយកម៉ូតូពេលត្រឡប់ទៅវិញមានមួយចំនួនបានរអ៊ូរទាំថា របស់របរនៅលើម៉ូតូ និងនៅក្នុងកែបម៉ូតូបាត់អស់ហើយ។ ទីបំផុតអ្វីដែលខ្ញុំបានរៀនពីមេរៀននេះគឺ “មានតែពោះអត់ខ្នង” គឺយ៉ាប់អ៊ីចឹង! និយាយឡប់ឡែបាត់ដៃខ្នងដៃ… សូមកុំទាន់ជឿទាំងស្រុងនូវអ្វីដែលអ្នកបានអានក្នុងអត្ថបទនេះ ព្រោះថាទាំងនេះគ្រាន់តែជាចំណែកមួយនៃសង្គមដែលខ្ញុំបានឃើញតែប៉ុណ្ណោះ!!!