ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាចនឹងមានអ្នកស្លាប់ដល់ទៅ៣ពាន់នាក់ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ ការលើកឡើងខាងលើ ក្រោយពេលអាមេរិក រៀបចំគម្រោងរស់នៅជាមួយកូវីដ១៩ ។
តាមតួលេខព្យាករណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក បានបញ្ជាក់ថា ចំនួនអ្នកឆ្លង និងស្លាប់នៅតែបន្តកើនឡើង ក្នុងខែមិថុនា ឆ្នាំ២០២០។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ចាប់ពីថ្ងៃទី១ ខែមិថុនា អាចនឹងមានអ្នកឆ្លង នៅអាមេរិក កើនឡើង ២សែននាក់ក្នុងមួយថ្ងៃ។ ចំណែកអ្នកស្លាប់វិញក៏កើនឡើង ដល់ទៅ៣ពាន់នាក់ ក្នុងមួយថ្ងៃនោះដែរ។ ចំនូនអ្នកឆ្លងថ្មីនៅអាមេរិក កាលពីខែមេសា មានដល់៣ម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់ ចាប់ពី១៥០០ដល់២០០០នាក់ ក្នុងមួយថ្ងៃ។
គិតដល់យប់ថ្ងៃទី៤ ខែឧសភា អាមេរិកមានអ្នកឆ្លងជាង ១,២លាននាក់ និងស្លាប់ជាង៦៩៣០០ នាក់ ។ បើតាមការព្យាករណ៍ នឹងមានអ្នកស្លាប់កើនឡើងពី១សែននាក់ ដល់២សែននាក់ ។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន បង្ហាញក្តីបារម្ភថា នឹងមានពលរដ្ឋអាមេរិកយ៉ាងតិច១សែននាក់ស្លាប់ដោយកូវីដ១៩ ។ ប៉ុន្តែលោកជឿជាក់ថា នៅចុងឆ្នាំ២០២០នេះ អាមេរិកនឹងមានវ៉ាក់សាំងប្រឆាំងកូវីដ១៩។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែមេសា បានដកស្រង់សម្តី ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា នៅចុងឆ្នាំ២០២០នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប៉ុន្តែក៏មានពលរដ្ឋអាមេរិក ជាង១សែននាក់បានស្លាប់ផងដែរ៕ ប្រែសម្រួលដោយ៖MEO