ទន្ទឹមនឹងស្ថានភាពនៃវីរុសកូវីដ១៩ បន្តញាំញីពិភពលោក ក៏រុញឲ្យស្ថាប័នឬក្រុមហ៊ុនជាច្រើនបានជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ប៉ុន្តែក្នុងចំណោមនោះក៏មានក្រុមហ៊ុនខ្លះទាញផលចំណេញមិនតិចនោះដែរ ក្នុងអំឡុងពេលផ្ទុះវីរុសដ៏កាចសាហាវមួយនេះ។
ក្រុមហ៊ុន Apple ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនឯទៀត ដែលទទួលលាភធំនៅអំឡុងពេលកូវីដ១៩ លើផ្នែកសេវាកម្មជាពិសេស។ មានកំណត់ត្រាធំៗ ៥ ដែលក្រុមហ៊ុនយក្សអាមេរិកទើបតែបំបែកបាននៅរយៈពេលចុងក្រោយនេះ៖
ការកើនឡើងខ្លាំងនៃចំណូលពី App Store
សន្ទុះនៃចំណូលចេញពី App Store បានកើនឡើងគួរឲ្យកត់សម្គាល់ និងមិនធ្លាប់មានពីមុនមក ទាំងការចំណាយរបស់អតិថិជនលើ In-App Purchase និង Subscription។
ចំណូលពី Apple Services កើនឡើងមិនធ្លាប់មាន
សម្រាប់ប្រភេទសេវាកម្មរបស់ Apple មានដូចជា iTunes, Apple Music, iCloud ឬ Apple Pay ជាដើម។ មានការកើនឡើងប្រមាណ ១៧ ភាគរយ ដោយចំណូលទទួលបានពីត្រីមាសទី ២ ឆ្នាំ ២០១៩ មានត្រឹម ១១,៥ ពាន់លានដុល្លារ តែឆ្នាំ ២០២០ នេះលោតដល់ ១៣,៣ ពាន់លានដុល្លារឯណោះ ខណៈតួលេខអ្នកប្រើប្រាស់សរុបមាន ៥១៥ លាននាក់ហើយ។
កម្មវិធី Apple News កើនអ្នកប្រើដល់ ១២៥ លាននាក់ប្រចាំខែ
តាមរបាយការណ៍ពីនាយកប្រតិបត្តិលោក Tim Cook បានអះអាងថាកម្មវិធីតាមដានព័ត៌មាន Apple News បានបង្កើតកំណត់ត្រាតួលេខថ្មីនៃអ្នកតាមដានប្រចាំខែឡើងដល់ ១២៥ លាននាក់ហើយ។Subscription នៃកម្មវិធីខាងក្រៅលើឧបករណ៍ Apple កើនឡើង
ទន្ទឹមនឹងការសម្ងំនៅផ្ទះជាប្រចាំ រុញឲ្យអ្នកប្រើប្រាស់រមែងទាញយកកម្មវិធីកម្សាន្តឬការទស្សនាភាពយន្តអ្វីជាដើម។ របាយការណ៍នាត្រីមាសទី ២ ឆ្នាំ ២០២០ ការតភ្ជាប់គម្រោងទៅកម្មវិធីដំឡើងពីខាងក្រៅ (ឧទាហរណ៍៖ Netflix) មានការកើនឡើងខ្ពស់ដល់ទៅ ៣០ ភាគរយធៀបនឹងឆ្នាំចាស់។
FaceTimes និង iMessge ផ្តើមមានអ្នកប្រើខ្លាំងឡើង
មនុស្សបានតម្រូវឲ្យធ្វើការពីផ្ទះ ហើយការទំនាក់ទំនងតាម Online គឺជារឿងចាំបាច់មួយក្នុងស្ថានភាពពេលនេះ។ ការប្រើប្រាស់កម្មវិធី iMessage និង FaceTimes ដែលមានស្រាប់លើឧបករណ៍របស់ Apple ក៏មានកំណើនយ៉ាងច្រើនលើសលប់ផងដែរ៕