របាយការណ៍អំពីទីផ្សារស្មាតហ្វូនប្រចាំត្រីមាសទី ១ ឆ្នាំ ២០២០ បានចេញមកហើយ ដោយទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវចំនួនបី បានបង្ហាញអំពីការថយចុះចំនួនលក់ពីរខ្ទង់នៅទូទាំងសកលលោក ដោយសារការផ្ទុះជំងឺកូវីដ១៩។
តួលេខរបស់ Canalys និង Counterpoint Research បានបង្ហាញថាចំនួនលក់ស្មាតហ្វូននៅត្រីមាសទី ១ ឆ្នាំ ២០២០ នេះគឺថយចុះ ១៣% ធៀបនឹងឆ្នាំមុន ចំណែក Omida វិញនិយាយថាចំនួនលក់មានការថយចុះ ១៦%។
តួលេខរបស់ក្រុមហ៊ុនទាំងបីសុទ្ធតែបានបង្ហាញថា ម៉ាកទូរសព្ទធំទាំងបី (Samsung, Huawei និង Huawei) មានការថយចុះចំនួនលក់ដូចគ្នា ដោយ Samsung និង Huawei ថយចុះចន្លោះពី ១៧% ទៅ ១៨% ហើយ Apple មានថយចុះចន្លោះ ៥% ទៅ ១២%។
របាយការណ៍ពី Canalys និង Counterpoint បានឲ្យដឹងថាក្នុងចំណោមម៉ាកទូរសព្ទធំទាំង ៥ មានតែ Xiaomi (ឈរនៅចំណាត់ថ្នាក់លេខ ៤) ប៉ុណ្ណោះ ដែលមានការកើនឡើងចំនួនលក់ (ចន្លោះពី ៧% ទៅ ៩%)។ ប៉ុន្តែរបាយការណ៍របស់ Omida វិញបង្ហាញថាចំនួនលក់របស់ Xiaomi មានថយចុះ ៨,២%។
Omida និង Counterpoint Research បានបង្ហាញដែរថាម៉ាក realme មានកំណើនខ្លាំងជាងគេអំឡុងត្រីមាសទី ១ ដែលមានកំណើនចំនួនលក់ចន្លោះពី ៨៨% ទៅ ១៥៧% ឯណោះ។ Canalys មិនបានបញ្ចូល realme ក្នុងរបាយការណ៍របស់ខ្លួនឡើយ។ក្រុមហ៊ុនស្រាវជ្រាវទីផ្សារពីរបាននិយាយថាក្រុមហ៊ុនផលិតស្មាតហ្វូនកំពុងត្រៀមចិត្តសម្រាប់ការធ្លាក់ចុះកាន់តែខ្លាំងសម្រាប់ត្រីមាសទី ២ នាឆ្នាំ ២០២០ នេះ ប៉ុន្តែចាប់ពីត្រីមាសទី ៣ ទៅអាចមានកំណើនឡើងវិញ៕