អគ្គនាយករងនៃក្រុមហ៊ុនអវកាស Lavochkin លោក Vladimir Kolmykov បានថ្លែងថា ប្រទេសរុស្ស៊ី នឹងបាញ់បង្ហោះផ្កាយរណប Arktika-M ជាលើកដំបូងដើម្បីតាមដាន ត្រួតពិនិត្យអាកាសធាតុ និងបរិស្ថាន នៅតំបន់អាក់ទិក នៅចុងឆ្នាំ២០២០នេះ។
លោក Kolmykov បានថ្លែងថា “ឥឡូវនេះយានអវកាសទី១ Arktika-M បានបង្កើតឡើងរួចរាល់ហើយកំពុងសាកល្បងទាក់ទងជាមួយវិទ្យុអេឡិចត្រូនិច… ។ ការបាញ់បង្ហោះ Arktika-M គ្រោងនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២០នេះហើយ” ។ លោកបានបន្ថែមថា ផ្កាយរណប Arktika-M ទី ២ បាននិងកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ហើយមានគម្រោងបាញ់បង្ហោះនៅឆ្នាំ ២០២៣ ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ ប្រភពពីឧស្សាហកម្មអវកាសរុស្ស៊ីបានអះអាងថា ការបាញ់បង្ហោះផ្កាយរណប Arktika-M ដំបូងពីមជ្ឈមណ្ឌលអវកាស Baikonur ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ ។ យោងតាមប្រភពព័ត៌មាន sputnik ផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ថា ផ្កាយរណបនេះនឹងត្រូវបាញ់បង្ហោះដោយប្រើរ៉ុក្កែត Soyuz-2.1b ជាមួយ ប្រព័ន្ធ Fregat ។
យោងតាមឯកសាររបស់សាជីវកម្មអវកាសរុស្ស៊ី Roscosmosបានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរុស្ស៊ីទី២ដើម្បីការព្យាករណ៍អាកាសធាតុ និងតាមដានអាកាសធាតុ និងបរិស្ថាននៅតំបន់អាក់ទិក គឺផ្កាយរណបArktika-M នោះ ត្រូវបានពន្យារពេលពីឆ្នាំ២០២១រហូតដល់ឆ្នាំ២០២៣ ។
ផ្កាយរណបទំនាក់ទំនងពីចម្ងាយនៅ Arktika-M របស់រុស្ស៊ី នឹងប្រមូលទិន្នន័យឧតុនិយមនៅតំបន់ប៉ូលផែនដី ហើយជាការជួយធ្វើឱ្យប្រសើរឡើងការព្យាករណ៍អាកាសធាតុ និងជួយឱ្យអ្នកវិទ្យាសាស្ត្រសិក្សាពីការប្រែប្រួលអាកាសធាតុកាន់តែប្រសើរឡើងថែមទៀត ៕ ប្រែសម្រួលដោយ៖ thach yat