តារាចម្រៀងសម្លេងផ្អែមលោក ណាំ ប៊ុណ្ណារ័ត្ន ហាក់ដូចជាស្ងប់ស្ងាត់បាត់មុខឈឹងពីសិល្បៈមួយរយៈហើយ ដែលជាហេតុធ្វើឲ្យមហាជនមានការនឹករលឹកលោកជាខ្លាំង ហើយក៏ចង់ឲ្យតារាប្រុសនេះវិលត្រឡប់មកវិញដែរ។
ថ្មីៗនេះម្ចាស់បទ«ជំងឺខ្វះអ្នកថែ» រូបនេះស្រាប់តែបង្ហើយសំនៀងថ្មីជាមួយបទចម្រៀងថ្មីដែលមានចំណងជើងថា«ពេលខ្លះ» ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយការទន្ទឹងរង់ចាំនោះក៏បានមកដល់ពិតមែន។
អ្វីដែលពិសេសនោះ ចំពោះចម្រៀងថ្មីមួយបទនេះ ពិតជាមានភាពទាក់ទាញខ្លាំង មិនថាខ្លឹមសារ អត្តន័យ ជាពិសេសស្ទីលតុបតែងខ្លួនរបស់លោក គឺស្រស់សង្ហា ប្លែកខ្លាំងត្រូវចិត្តយុវវ័យយើងតែម្ដង។
ក្រៅពី លោក ណាំ ប៊ុណ្ណារ័ត្ន ផលិតកម្មអឹមក៏មានតារាចម្រៀងថ្មីចាស់វ័យក្មេងជាច្រើនរូប ពោលមានដូចជា៖ លោក អាន គុណកូឡា កញ្ញា ខៀវ ដាឡិច លោក សត្យា លីវអាន កញ្ញា ខេលី លោក ភារ៉ាប់ កញ្ញា ណយ រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត៕
អត្ថបទ៖ ផេង ផលធិតា