ភ្នំពេញ៖ កន្លែងកម្សាន្តដូចជាហាងខារ៉ាអូខេ (KTV) មិនទាន់អាចអនុញ្ញាតឱ្យបើកដំណើរការវិញនោះទេ បើទោះបីជាកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២២ថ្ងៃជាប់ៗគ្នាយ៉ាងណាក្ដី។ នេះបើយោងតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានឆ្លើយតបទៅនឹងសំណួរអ្នកការសែតពីការអនុញ្ញាតឱ្យបើកអាជីវកម្ម KTV ថា កាលៈទេសៈនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។ លោកបញ្ជាក់ថា៖ “ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ”។
លោក ម៉ម ប៊ុនហេង ក៏អំពាវនាវឱ្យពលរដ្ឋដែលចូលចិត្តច្រៀងកម្សាន្តសប្បាយនោះ រៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ ដែលហាងខារ៉ាអូខេនេះ គឺទីកន្លែងកម្សាន្តងាយឆ្លងជំងឺកូវីដ១៩ ខ្លាំងបំផុត។
ទោះជារយៈពេល ២២ថ្ងៃហើយ ដែលកម្ពុជាគ្មានករណីឆ្លងថ្មីនៃកូវីដ១៩ ក៏ដោយ ប៉ុន្តែស្ថានភាពជំងឺឆ្លងរាតត្បាតនេះ គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវផងដែរ ដើម្បីកុំឲ្យមានការចម្លងរាតត្បាតក្នុងសហគមន៍៕ ដោយ៖ តារា