ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយចំនួន ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុក ដើម្បីផ្ទេរមូលដ្ឋានផលិតកម្ម នៅក្រៅប្រទេសរបស់ពួកគេ ទៅកាន់បណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែការរាតត្បាត នៃវីរុសកូវីដ១៩ បានបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន។
យោងតាមសារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍ថា កម្មវិធីមានទំហំទឹកប្រាក់ ចំនួន ២៣,៥ ពាន់លានយ៉េន (២២០លានដុល្លារអាមេរិក) ត្រូវបានដាក់បញ្ចូលទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចបន្ទាន់របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយការធ្លាក់ចុះ នៃសេដ្ឋកិច្ច ពីការរាតត្បាត នៃវីរុស ហើយជួយក្រុមហ៊ុននានា ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយជួយផ្នែកហិរញ្ញវត្ថុដល់ការសាងសង់អគារផលិតកម្ម ក៏ដូចជា ការសិក្សាលទ្ធភាព នៅក្នុងបណ្តាប្រទេសអាស៊ាន។
គំនិតផ្តួចផ្តើមនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតសម្ភារផ្សេងៗជាច្រើនទៀត បានទទួលរងនូវកង្វះខាតសម្ភារផ្គត់ផ្គង់ ដែលផលិតនៅក្នុងប្រទេសចិន បន្ទាប់ពីការផ្ទុះឡើង នៃមេរោគប្រភេទថ្មីនេះ ចាប់ផ្តើម កាលពីចុងឆ្នាំមុន នៅក្នុងទីក្រុង វូហា នាភាគកណ្តាល នៃប្រទេសចិន។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដទៃទៀត ក៏ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយរដ្ឋាភិបាលជប៉ុននឹងចំណាយថវិកាចំនួន២២០លានដុល្លារ ដើម្បីជំរុញផលិតផលក្នុងស្រុក ដែលបច្ចុប្បន្នត្រូវបាននាំចូលយ៉ាងច្រើន ពីតំបន់មួយចំនួន។ ប្រាក់ឧបត្ថម្ភនេះនឹងរួមបញ្ចូល នៅក្នុងកម្មវិធីជំរុញប្រាក់ឧបត្ថម្ភនេះ និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការផ្លាស់ប្តូរទីតាំងផលិតកម្ម នៅបរទេសរបស់ក្រុមហ៊ុនជប៉ុន នៅឯប្រទេសកំណើតផងដែរ។
កម្មវិធីនេះក៏នឹងផ្តោតសំខាន់ទៅលើក្រុមហ៊ុនផលិតរបស់របរចាំបាច់សម្រាប់ប្រជាជនជប៉ុន ដើម្បីនាំឱ្យមានសុខភាពល្អ ក្នុងអំឡុងពេលមានការផ្ទុះឡើង នៃវីរុសនេះ រួមទាំង ម៉ាស់ និងអាល់កុល …ជាដើម។ ក្រុមហ៊ុនទាំងនោះអាចទទួលបានប្រាក់ឧបត្ថម្ភ នៅពេលក្រុមហ៊ុនបើករោងចក្រថ្មី ឬបង្កើនសមត្ថភាពផលិត ដែលមានស្រាប់ នៅក្នុងប្រទេសជប៉ុន៕ ប្រែសម្រួល ដោយ Nuon