យោងតាមសារព័ត៌មានវៀតណាម បានផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ថា សហគ្រាសជាច្រើន នៅតាមបណ្ដាខេត្ត នាភាគខាងត្បូង វៀត ណាម បានបន្ដប្រតិបត្ដិការឡើងវិញ បន្ទាប់ពីបញ្ចប់ពីវិធានការគម្លាតឆ្ងាយពីសង្គម ប៉ុន្ដែក៏ប្រឈមនឹងកង្វះខាតកម្មករផងដែរ។
ក្រោយការផ្ទុះឡើង នៃវីរុសកូវីដ១៩ កម្មករជាច្រើនបានវិលទៅកាន់ស្រុកកំណើតរបស់ពួកគេ ដោយអនុវត្ដតាមការណែនាំគម្លាតឆ្ងាយពីសង្គមរបស់រដ្ឋាភិបាល។ ប៉ុន្ដែក្រោយពេលមិនមានការឆ្លងថ្មី នៃវីរុសនេះ រដ្ឋាភិបាលក៏បានបន្ធូរបន្ថយវិធានការ ទើបកម្មករក៏ចេះតែស្វះស្វែងរកការងារថ្មីធ្វើ។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យសហគ្រាសជាច្រើនខ្វះខាតកម្មករ។
អ្នកស្រី Pham Kim Yen រស់នៅខេត្ដ Thua Thien-Hue និងបម្រើការងារនៅក្នុងក្រុមហ៊ុននាំចេញសម្លៀកបំពាក់បរទេស បានថ្លែងថា ក្រុមហ៊ុនរបស់នាងបានបិទទ្វាជាបណ្ដោះអាសន្ន អស់រយ:ពេល២ខែកន្លងមកហើយ។ ប៉ុន្ដែឥឡូវនាងបានធ្វើការ នៅក្នុងក្រុមហ៊ុនកាត់ដេរក្នុងស្រុក។ រីឯប្រាក់ចំណូលក៏តិចជាងមុន មិនអាចគ្រប់គ្រាន់ទៅលើការចំណាយសម្រាប់ជីវភាពប្រចាំខែឡើយ ដោយសារការចំណាយ នៅក្នុងខេត្ត Binh Duong នេះខ្ពស់។
លោក Truong Thi Thuy Lien នាយកក្រុមហ៊ុននាំចេញស្បែក និងស្បែកជើង នៅក្នុងខេត្ត Binh Duong បានថ្លែងថា កម្មករជាច្រើន ដែលបានវិលត្រឡប់ទៅផ្ទះសម្បែង ចាប់តាំងពីបុណ្យចូលឆ្នាំចិន វៀតណាមនោះ មិនបានវិលត្រឡប់មកធ្វើការវិញ ដោយសារការផ្ទុះឡើង នៃកូវីដ១៩។ រីឯក្រុមហ៊ុនរបស់លោកតែងតែជ្រើសរើសបុគ្គលិករហូត ប៉ុន្ដែនៅតែរើសមិនបានគ្រប់គ្រាន់ឡើយ ដោយនៅខ្វះប្រហែល១៥ភាគរយទៀត។
ជាមួយគ្នានេះដែរ លោក Le Nhat Tuong ប្រធានក្រុមហ៊ុន Pousung Vietnam Ltd នៅក្នុងខេត្ត Dong Nai បានថ្លែងថា ក្រុមហ៊ុនបានកសាងរោងចក្រជាច្រើន ហើយមានគម្រោងជ្រើសរើសបុគ្គលិក រហូតដល់១ម៉ឺននាក់ នៅក្នុងឆ្នាំ២០២០។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ មានបុគ្គលិកថ្មីតែ១ពាន់នាក់ប៉ុណ្ណោះ ហើយគម្រោងជ្រើសរើសក៏ចេះតែពន្យារពេលរហូត។ រីឯការជ្រើសរើសកម្មករបន្ថែម នៅពេលណាមានតម្រូវការពង្រីកផលិតកម្មបន្ថែម។
លោកនាយក បានបន្ថែមថា បញ្ហាកង្វះបុគ្គលិកនេះ ក៏ដោយសារពួកគាត់ទៅផ្ទះសម្បែង ហើយលែងវិលត្រឡប់មកវិញ ចាប់តាំងពីការផ្ទុះឡើងនូវកូវីដ១៩៕ ប្រែសម្រួលដោយ Nuon