សៀមរាប៖ ដើម្បីបង្កើនគម្របព្រៃក្នុងរមណីយដ្ឋានអង្គរ ឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ក្នុងឆ្នាំ២០២០ នេះអាជ្ញាធរជាតិអប្សរានឹងបន្តយុទ្ធនាការដាំនិងចែកចាយដើមឈើចំនួន ១១ម៉ឺនដើម។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា បញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
យោងតាមលោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានលើកឡើងថា ស្ថានីយបណ្ដុះកូនឈើទាំង៤ របស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងក្នុងការបណ្ដុះកូនឈើចម្រុះសម្រាប់ត្រៀមដាំក្នុងឆ្នាំ២០២០នេះ។ កូនឈើសរុបមានចំនួនប្រមាណ ១១ម៉ឺនដើម ត្រៀមដាំ និងចែកចាយក្នុងខែវស្សាខាងមុខនេះ មានទាំងប្រភេទដើមឈើប្រណិត ដើមឈើលម្អ និងប្រភេទដើមឈើព្រៃហូបផ្លែ។
ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ធ្វើឱ្យគម្រោងរៀបចំយុទ្ធនាការទ្រង់ទ្រាយធំៗដែលធ្លាប់រៀបចំកន្លងមក មិនទាន់ច្បាស់លាស់។ លោក ឡី គឹមស៊ី ពន្យល់ថា ប្រសិនបើស្ថានការណ៍ជំងឺកូវីដល្អប្រសើរឡើងវិញ នោះនឹងមានការរៀបចំកម្មវិធីធំៗ ដែលចូលរួមពីមហាជនខាងក្រៅ តែប្រសិនបើស្ថិតក្នុងស្ថានការណ៍ដូចសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំដាំកូនឈើជាលក្ខណៈផ្ទៃក្នុងទៅតាមគោលដៅដែលបានគ្រោងទុក។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន ៤ ទីតាំង ទី១ គឺស្ថានីយបណ្ដុះកូនឈើ ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត ៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើព្រៃហូបផ្លែ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០១៩កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចំនួនជិត ៣ម៉ឺនដើម និងបានចែកចាយទៅខាងក្រៅជាង ៧ម៉ឺនដើម៕ ដោយ៖ តារា