លោក Chung Sye-kyun នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានថ្លែងថា ចាប់ផ្តើមពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសនេះនឹងឈានទៅដំណាក់កាលថ្មី នៃការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយបន្ធូរបន្ថយគោលការណ៍ណែនាំ ការឃ្លាតឆ្ងាយពីសង្គមទៅនឹងអ្វីដែល ហៅថា “ការឃ្លាតឆ្ងាយនៅក្នុងជីវិតប្រចាំថ្ងៃ” ។ នេះបើតាមការផ្សាយពីប្រភពព័ត៌មានទូរទស្សន៍ Arirang កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
លោកបន្ដថា ចាប់ពីថ្ងៃពុធ ទី៦ ខែឧសភា តទៅ អាជីវកម្មដែលបានបិទទ្វារ នឹងចាប់ផ្តើមបើកទ្វារជាបណ្តើរៗ ខណៈព្រឹត្តិការណ៍ និងការប្រមូលផ្ដុំក្នុងសង្គម ក៏នឹងអនុញ្ញាតផងដែរ ទៅតាមលក្ខខណ្ឌដែលបានធ្វើ ស្របតាមគោលការណ៍ណែនាំដាក់ឲ្យនៅដាច់ដោយឡែក។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការវិភាគដោយទីភ្នាក់ងាររដ្ឋាភិបាលបង្ហាញថា វានៅតែមានហានិភ័យមួយចំនួន ប៉ុន្តែការរីករាលដាលពីមេរោគ ហាក់ដូចជាយើងគ្រប់គ្រងបានច្រើន ។
លោកបានបន្តថា នេះគឺជាការដឹងគុណចំពោះការទទួលខុសត្រូវរបស់ប្រជាជន ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ។
ទន្ទឹមនឹងការបន្ធូរបន្ថយនេះ លោករដ្ឋមន្រ្តីក្រសួងអប់រំ នឹងកំណត់ពេលវេលាលម្អិតសម្រាប់ការបើកសាលារៀនឡើងវិញផងដែរនៅថ្ងៃបន្ទាប់ ។
ទោះយ៉ាងណា លោកបានព្រមានថា ជំហានទាំងនេះ មិនមានន័យថា មនុស្សគ្រប់រូបអាចវិលត្រឡប់ទៅរកអ្វីដែលបានធ្វើដូចនៅមុនពេលវីរុសបានផ្ទុះឡើងនោះទេ ។
កូរ៉េខាងត្បូង ត្រូវតែប្រថុយនឹងការបើកដំណើរការឡើងវិញ ដោយសារតែការខូចខាតចំពោះសេដ្ឋកិច្ច ។ ហានិភ័យនោះហើយ ជាមូលហេតុដែលនាយករដ្ឋមន្ត្រីអង្វរសុំដល់ពលរដ្ឋឱ្យបន្តការខិតខំប្រុទ្ធប្រឆាំងជាមួយកូវីដ១៩ ។
គួរបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយនេះ បន្ទាប់ពីរយៈពេល១៦ថ្ងៃជាប់ៗគ្នា នៅកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ១៩ តិចជាង២០ករណី ។ កាលពីថ្ងៃទី៣ ខែឧសភា ប្រទេសនេះបានរកឃើញថ្មីចំនួន១៣ករណី ក្នុងនោះ១០ករណី មកពីបរទេស ។
កូរ៉េខាងត្បូងមានអ្នកឆ្លងកូវីដ១៩ សរុប ១០ ៧៩៣នាក់ ហើយក្នុងនោះបាត់បង់ជីវិត២៥១នាក់ ៕ ប្រែសម្រួលដោយ៖ thach yat