ភ្នំពេញ៖ នគរបាលចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ឃាត់យានយន្តបានជាង៥៧០០គ្រឿង ក្នុងនោះមានម៉ូតូ៤៥០០គ្រឿង និងរថយន្តជាង១២០០គ្រឿង ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។
បើតាមលោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ការបង្ខំផាកពិន័យគាត់ តាមអនុក្រឹត្យលេខ៣៩នេះ គឺដើម្បីបង្ខំគាត់ ធ្វើឱ្យគាត់រាងចាល ដើម្បីឱ្យគាត់ងាកមកគោរពច្បាប់វិញ។ លោកបន្តថា ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការផាកពិន័យ គឺប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍ បានទទួលយកនូវកំហុសឆ្គងនេះទាំងអស់គ្នា។
កងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តបន្តអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនគិតថ្ងៃសៅរ៍ អាទិត្យ ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិនគ្រោពច្បាប់ ងាកមកគោរពច្បាប់ទាំងអសគ្នា ហើយយើងសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមានទម្លាប់មិនគោរពច្បាប់ ងាកមកភ្ញាក់រលឹកមកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឲ្យដឹងថែមទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើឱ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិការបស់ប្រជាពលរដ្ឋ និងកាត់បន្ថយរបួសស្នាម ជាពិសេសគឺសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដើម្បីភាពថ្លៃថ្នូរ និងស៊ីវីល័យ៕ ដោយ៖ ប៊ុនធឿន