Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើនិស្សិតគួរផ្តើមធ្វើអ្វីខ្លះ​ ដើម្បីទទួលបានឱកាសការងារល្អនាពេលអនាគត?

និស្សិតគ្រប់រូបតែងតែប្រាថ្នាចង់បានការងារល្អ​ ដែលជាប់លាប់ ហើយត្រូវនឹងជំនាញដែលខ្លួនកំពុងសិក្សានៅឯសកលវិទ្យាល័យ។ ប៉ុន្តែភាគច្រើនពួកគាត់មិនទាន់ដឹងច្បាស់ ថាតើត្រូវធ្វើដូចម្តេចដើម្បីអោយខ្លួនឯងក្លាយជាធនធានមនុស្សមួយរូបប្រកបដោយសក្តានុពល​​ ហើយអាចមានសម្ថភាពគ្រប់គ្រាន់​ក្នុងការទទួល​បានឱកាសការងារតាមក្តីស្រម៉ៃ​របស់ខ្លួននៅឡើយទេ។​ តាមរយ:អត្ថបទខាងក្រោមនេះសិស្ស និស្សិតនឹងទទួលបានចំណុចសំខាន់៣យ៉ាង​ដែលអាចជួយអភិវឌ្ឍខ្លនឹងត្រៀមខ្លួនដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារនៅថ្ងៃអនាគត

១.ធ្វើការងារស្ម័គ្រចិត្ត :

ដំបូងសិស្ស និស្សិតគប្បីតែធ្វើការស្ម័គ្រចិត្ត មិនថាអាណត្តិភាពនៃការងារស្ម័គ្រចិត្តនោះមានរយៈពេលវែងឬខ្លី​​​ ការងារនោះសាមញ្ញឬពិបាកយ៉ាងណានោះទេ តែអ្វីដែលសំខាន់នោះគឺបទពិសោធន៍ដែលអ្នកនឹងទទួលបានពីការងារស្ម័គ្រចិត្ត​ ព្រោះថា វាបានផ្តល់តម្លៃនិងសារ:ប្រយោជន៍សម្រាប់​សិស្សនិស្សិតជាច្រើនដូចជា ទទួលបាននូវអ្វីដែលថ្មីៗ ការជួបមនុស្សក្នុងវិស័យផ្សេងៗ ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ល។​ លើសពីនេះទៅទៀត អ្នកទាំងអស់គ្នានឹងបានយល់ដឹងពីជំនាញទន់ ដែលធ្វើអោយអ្នកចេះប្រាស្រ័យទាក់ទងគ្នា យល់ពីការបញ្ចេញមតិក្នុងក្រុម ដឹងពីរបៀបក្នុងការនិយាយជាសាធារណៈ មានភាពជាអ្នកដឹកនាំ ហើយប្រកាន់ភ្ជាប់ភាពទទួលខុសត្រូវផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ សិស្ស​​ និស្សិតក៏បានចូលរួមចំណែកក្នុងការជួយសង្គមតាមសកម្មភាពនានាដូចជាការណែនាំស្តីពីការឈប់ចោលសំរាមតាមទីសាធារណៈ ការចែកម្ហូបអាហារជូនដល់មនុស្សចាស់ជរា ការជួយលាបថ្នាំពណ៌ អាស្រ័យទៅតាមការរៀបចំគំរោងរបស់អង្គភាពដែលបានស័្មគ្រចិត្ត។ ការស្ម័គ្រចិត្តនេះ ក៏បានបង្រៀនសិស្សនិសិត្សពីបរិបទសង្គមឲ្យច្បាស់លាល់ថា តើសង្គម ប្រទេសជាតិយើងឈានដល់ណា​ តើសង្គមនៅមានកង្វះខាតនិងតម្រូវការអ្វីខ្លះ តើយើងគួរជ្រើសរើសការងារបែបណាដែលសមស្របជាមួយជំនាញនិងតម្រូវការបច្ចុប្បន្នភាពនៃទីផ្សារក្នុងសង្គម។ ទោះបីជាមិនទទួលបានប្រាក់កម្រៃ ប៉ុន្តែវាមានតម្លៃយ៉ាងក្រៃលែងសម្រាប់យុវជន ព្រោះវាជាជំហានដំបូងនៅក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ព្រមទាំងសង្គម។

២.ហាត់ការ :

ការហាត់ការប្រៀបបីដូចជាអនុវត្តន៏ សិក្សាផ្ទាល់នៅក្នុងក្រុមហ៊ុន ស្ថាប័ន អង្គការ ឬស្ថានទូត ជាមួយនឹងរៀមច្បង ឬប្រធានដោយពួកគាត់បានជួយណែនាំ បង្ហាត់បង្រៀនការងារជាក់ស្តែង ដោយធ្វើឲ្យនិស្សិតទទួលបានបទពិសោធន៏ទាក់ទងនឹងការងារល្អៗឲ្យកាន់តែស៊ីជម្រៅ។​ តំណែងជាអ្នកហាត់ការ ផ្តោតសំខាន់ទៅលើតួនាទី ក្នុងផ្នែកផ្សេងៗដែលពួកគាត់បានដាក់ពាក្យស្នើសុំការងារដូចជាផ្នែកធនធានមនុស្ស ផ្នែកហរិញ្ញវត្ថុ​ ព័ត៌មានវិទ្យា កិច្ចការសាធារណៈ ការគ្រប់គ្រងកម្មវិធី ការទិញសំភារៈបរិក្ខា ព្រមទាំងផ្នែកផ្សេងៗទៀតជាច្រើន។​ ត្បិតតែការងារនេះទទួលបានប្រាក់កម្រៃមិនច្រើន ប៉ុន្តែវាបានផ្តល់មកវិញនូវបទពិសោធន៏ការងារដូចជាអ្នកអាជីប​ ហើយសិស្ស​ និស្សិតនឹងអាច​មានឪកាសទទួលបានការងារខ្ពស់ ដោយហេតុថា លក្ខខណ្ឌ័ជ្រើសរើសបុគ្គលិកក្នុង ក្រុមហ៊ុន ស្ថាប័ន​ ឬអង្គការ​ភាគច្រើនតែងតែតម្រូវអោយមានបទពិសោធន៍ការងារ ដូចនេះអ្នកហាត់ការតែងមានអាទិភាពជាងអ្នកដែលគ្មានបទពិសោធន៍។​ ឬនឹងមានឪកាសក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុន ស្ថាប័នឬអង្គការដែលខ្លួនកំពុងហាត់ការប្រសិនបើពួកគេ​មានសមត្ថភាពការងារខ្ពស់។

៣.ធ្វើការក្រៅម៉ោង​ ឬពេញម៉ោង :

ទោះបីនិស្សិតរៀនមួយឬពីរសកលវិទ្យាល័យយ៉ាងណាក៏ដោយ គួរគប្បីឆ្លៀតពេលវេលាធ្វើការ មិនថាពេញម៉ោង ឬក្រៅម៉ោងឡើយ ដើម្បីដឹងពីតម្រូវការទីផ្សារការងារ វាស់វែងសមត្ថភាពខ្លួនឯងថាឈានដល់កម្រិតណា។​ ហើយការជ្រើសរើសប្រភេទការងារនេះក៏សំខាន់ដែរ  គប្បីគួរជ្រើសរើសការងារដែលទាក់ទងនឹងជំនាញដែលរៀននៅឯសកលវិទ្យាល័យ ដើម្បីមានភាពងាយស្រូលនៅក្នុងការបំពេញការងារ។​​ ការចាប់ផ្តើមការងារនេះ វានឹងជួយលត់ដំបុគ្គលនីមួយៗអោយមានទាំងជំនាញរឹង និងជំនាញទន់។ ជំនាញរឹង គឺសំដៅទៅលើជំនាញដែលមានលក្ខណៈជាឯកទេស ឬជាលក្ខណៈបច្ចេកទេស ដូចជាជំនាញកំព្យូទ័រ ភាសា ជំនាញទីផ្សារ ច្បាប់ សេដ្ឋកិច្ច ហរិញ្ញវត្ថុ ។ល។ ​រីឯជំនាញទន់គឺជាជំនាញដែលទាក់ទង​នឹងការទំនាក់ទំនង​ ការបង្កើតបណ្តាញ និងការចរចាសម្របសម្រួលផ្សេងៗ។ការធ្វើការក្រៅម៉ោងឬពេញម៉ោងនិងអាចអោយសិស្ស និស្សិតយល់ដឹងពី​ចំណុចខ្លាំងចំនុចខ្សោយ​ ដែលអាចអោយពួកគាត់មានលទ្ធភាពទទួលបានមុខតំណែងការងារកាន់តែល្អនៅថ្ងៃអនាគត។

ចំណុចដែលបានរៀបរាប់ខាងលើសុទ្ឋសឹងតែជាចំណុចសំខាន់ដែលយុវជន និស្សិតគប្បីមិនគួរមើលរំលង ហើយជាជំហានដែលសិស្ស និស្សិតគួរផ្តើម ដើម្បីពង្រឹងនូវអ្វីដែលខ្លួនមាន បំពេញនូវចំណុចដែលខ្វះខាត សំរាប់ទទួលបានឪកាសក្នុងការទទួលបានការងារល្អប្រសើរនាពេលអនាគត។

អត្ថបទដោយសមាជិក Project Inspire: ពុំ អ៊ីលែន

from: https://tnaot.com/km/m/detail/article/9186166