កាលពីយប់ថ្ងៃទី៣០ ខែមេសា ប្រធានរដ្ឋសភាប៉ាគីស្ថាន លោក Asad Qaiser បានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩ ហើយលោកត្រូវសម្រាកព្យាបាល នៅក្នុងផ្ទះ។
នៅលើបណ្តាញសង្គម Twitter លោក Qaiser បានបញ្ជាក់ថា «លទ្ធផលធ្វើតេស្តរបស់ខ្ញុំ រកឃើញវិជ្ជមាន ចំពោះកូវីដ១៩ ហើយពេលនេះ ខ្ញុំត្រូវផ្តាច់ខ្លួន នៅក្នុងផ្ទះ ដើម្បីព្យាបាល»។
បណ្តាញទូរទស្សន៍GEO បានដកស្រង់សម្តីប្អូនប្រុសរបស់ប្រធានរដ្ឋសភាប៉ាគីស្ថាន បានបញ្ជាក់ថា កូនប្រុស និងកូនស្រីរបស់លោក ក៏ធ្វើតេស្តវិជ្ជមានរកកូវីដ១៩ផងដែរ។
ក្នុងរយៈពេល២សប្តាហ៍កន្លងមកមានតំណាងរាស្ត្រ ប៉ាគីស្ថាន ២រូបឆ្លងកូវីដ និងប្រធានគណៈកម្មការខេត្ត រួមទាំងមន្ត្រីប៉ាគីស្ថានមួយចំនួនក៏បានឆ្លងកូវីដ១៩ផងដែរ។ កន្លងមក អភិបាលខេត្ត Sinhdh ស្ថិតនៅភាគខាងត្បូង ប៉ាគីស្ថាន លោក Imran Ismail ក៏រកឃើញឆ្លងកូវីដ១៩ ក៏ត្រូវសម្រាក់ព្យាបាលនៅក្នុងផ្ទះ។
ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសប៉ាគីស្ថាន បន្តកើនឡើងខ្ពស់ ហើយមន្ត្រីជំនាញបានលើកឡើងថា នៅក្នុងខែឧសភានេះ ប៉ាគីស្ថាននឹងឈានដល់កម្រិតកំពូល នៃការឆ្លងកូវីដ១៩។តាមតួលេខរបស់ worldometers.info គិតមកដល់ព្រឹកថ្ងៃទី១ ខែឧសភា នៅប៉ាគីស្ថាន មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ជាង១៧ពាន់នាក់ និងស្លាប់ ៣៨៥នាក់៕ ប្រែសម្រួលដោយ៖MEO