ក្រុមបាតុករអាមេរិកប្រដាប់ដោយអាវុធ កាលពីថ្ងៃទី៣០ ខែមេសា បាននាំគ្នាចូលទៅកាន់អគារកាពីតូល ស្ថិតក្នុងរដ្ឋ Michigan ហើយទាមទារឲ្យអភិបាលរដ្ឋ មកពីបក្សប្រជាធិបតេយ្យ លុបចោលបទបញ្ជាការបិទរដ្ឋ ដោយសារវីរុសកូរ៉ូណា ហើយសមាជិកសភាខ្លះត្រូវគេរាយការណ៍ថា បានពាក់អាវការពារគ្រាប់កាំភ្លើងផងដែរ។
ក្រុមបាតុកររាប់សិបនាក់ បានប្រមូលផ្តុំគ្នា នៅបន្ទប់រង់ចាំ នៃអគារនោះ ជាកន្លែងដែលពួកគេបានទាមទារមានការអនុញ្ញាតពីសភា។ រីឯប៉ូលិសក្នុងរដ្ឋពាក់ម៉ាស់ បានរារាំងពួកគេ មិនឲ្យចូល ប៉ុន្ដែបាតុករទាំងនោះមិនមានអ្នកណាម្នាក់ពាក់ម៉ាស់នោះឡើយ។
លោកស្រី Dayna Polehanki សមាជិកព្រឹទ្ធសភាម្នាក់ បានសរសេរនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយរូបថត ដែលបង្ហាញពីបុរស៤នាក់ថា « យ៉ាងហោចណាស់ ក៏មានបុរសម្នាក់ប្រដាប់ដោយកាំភ្លើង ស្រែកដាក់យើង»។ រីឯអ្នកការងាររបស់ខ្ញុំ បានពាក់អាវការពារគ្រាប់កាំភ្លើង ហើយខ្ញុំក៏មិនដែលសរសើរដល់កងការពារដូចពេលនេះឡើយ។
ក្រុមបាតុករ បានស្រែកថា ពួកគេទាមទារឲ្យអភិបាលរដ្ឋ Michigan លុបចោលច្បាប់បិទប្រទេស ហើយផ្ដល់សេរីភាពដល់ពួកគេ អាចដើរហើរ និងទៅធ្វើការវិញជាធម្មតា។ ពួកគេជឿថា ពលរដ្ឋអាមេរិកាំង និង អ្នកនៅក្នុងរដ្ឋមីឈីហ្គេន មានសិទ្ធិសេរីភាពទៅធ្វើការងារ ដើម្បីរកចំណូលចិញ្ចឹមគ្រួសាររបស់ពួកគេ។ ពួកគេត្រូវការសេរីភាពដើរហើរ ប្រមូលផ្ដុំគ្នាតាមជំនឿសាសនារបស់ពួកគេ។
បើគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ អាមេរិកមានអ្នកឆ្លងកូវីដ១៩ កើនឡើងជាង១ ០៩៥ ៣០៥នាក់ ក្នុងនោះស្លាប់៦៣ ៨៧១ និងជាសះស្បើយ ១៥៥ ៧៣៧នាក់៕ ប្រែសម្រួលដោយ Nuon