ស ថេត៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវតែអនុវត្តន៍ឱ្យស្មើភាពគ្នា មិនគិតឋាន:តូចឬធំ អ្នកមាន ឬអ្នកក្រឡើយ
ភ្នំពេញ៖ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវតែអនុវត្តន៍ឱ្យបានស្មើភាពគ្នា ដោយមិនគិតឋាន:តូច ឬធំ អ្នកមាន ឬអ្នកក្រឡើយ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោក ស ថេត បានបញ្ជាក់ថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវតែអនុវត្តន៍ឱ្យបានស្មើភាពគ្នា ដោយមិនគិតឋាន:តូច ឬធំ អ្នកមាន ឬអ្នកក្រឡើយ។ លោកឧត្តមសេនីយ៍ឯកបានបន្ដថា ក្នុងឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យរងរបួស ស្លាប់ មានការកើនឡើងខ្ពស់គួរឱ្យបារម្ភ។ ទន្ទឹមនេះក្នុងឆ្នាំ២០១៩នេះ សមត្ថកិច្ចតែងតែមានការយោគយល់ច្រើន និងធ្វើការណែនាំ អប់រំតែប៉ុណ្ណោះ។ ប៉ុន្តែការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះនឹងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក៏ដូចជា កាត់បន្ថយការស្លាប់ ការរងរបួស ពិការជាដើម។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖ “ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ត្រូវតែអនុវត្តន៍ឱ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឱ្យតែខុសច្បាប់ត្រូវអនុវត្តន៍ដូចៗគ្នា”។
លោកក៏បានផ្ដល់មតិណែនាំក៏ដូចជាដំបូន្មានមួយចំនួនទៅដល់មន្រ្តីនគរបាលដែលត្រូវចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយត្រូវរៀបចំខ្លួនឱ្យបានស្អាត ស្លៀកពាក់ឱ្យបានសមរម្យ ត្រូវមានសីលធម៌ គុណធម៌ អាកប្បកិរិយា និងប្រើប្រាស់សម្ដីឱ្យបានសមរម្យ ជាពិសេសគ្រប់ពេលត្រួតពិនិត្យ ត្រូវធ្វើការគោរពជានិច្ច៕ ដោយ៖ តារា