អ្នកខ្លះចូលចិត្តគេចវេសនឹងបញ្ហា ចូលចិត្តតវ៉ានឹងភាពកំសោយរបស់ខ្លួនឯង មានទ្រឹស្តីតែគ្មានបានការ។ កំសាក មិនហ៊ានធ្វើ មិនហ៊ានសាកល្បង ខ្លាចនឹងប្រឈមមុខ បានត្រឹមតែសំកុករង់ចាំបញ្ហារសាត់បាត់ ដែលវាគ្មានថ្ងៃអាចទៅរួច ហើយប្រឹងលាក់បំពួនខ្លួនពីហេតុការណ៍ដែលប្រុងនឹងកើតឡើង រួចបែរបន់អោយវាឆាប់កន្លងផុតទៅវិញ។
(រូបតំណាង)
ក្នុងជោគជតារបស់មនុស្ស មានឡើងមានចុះ មានល្អមានអាក្រក់ មានគ្រោះទៅតាមថ្ងៃដែលយើងមិនអាចដឹងមុន វាជារឿងធម្មតា។ ហេតុការណ៍ រឿងរ៉ាវដែលយើងនឹងត្រូវជួបប្រទះ វាមិនបានមកដើម្បីបំផ្លាញជីវិតយើងទេ តែវាមកបង្រៀនយើងអោយរឹងមាំ និងកាន់តែខ្លាំងក្នុងការជំនះទៅរកជីវិតមួយដែលប្រសើរឡើង។
ត្រូវចាំថាជីវិតតែងមានបញ្ហាគ្មានអ្នកណាដែលអាចជៀសបាននោះទេ ទោះមិនចង់ជួប មិនចង់ប្រឈមនឹងវានៅពេលនេះក៏វាត្រូវតែជួបនៅពេលណាមួយមិនខានដដែល ដូច្នេះចាំបាច់អីត្រូវព្យាយាមគេចវេសពីការពិតនេះ!
មានរូបមានមានទុក្ខ ឧបសគ្គជាដៃគូដែលត្រូវរួមដំណើរជីវិតរបស់មនុស្សជានិច្ច មិនថាអ្នកមានស្តុកស្តម្ភ មានវណ្ណៈខ្ពស់ទាបយ៉ាងណារមែងតែងមានបញ្ហានៅក្នុងជីវិតរៀងៗខ្លួន គ្រាន់តែអ្វីដែលជួបប្រទះមិនដូចគ្នាតែប៉ុណ្ណោះ។
(រូបតំណាង)
ចូរលត់ដំចិត្តខ្លួនឯងឱ្យរឹងមាំឡើង មិនចុះចាញ់! កុំកំសាក! ទោះជាស្ថិតលក្ខខណ្ឌណាក៏ដោយត្រូវតែហ៊ានក្រោកឈរដើម្បីជំនះរាល់បញ្ហាដែលនៅចំពោះមុខឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកដំណោះស្រាយឱ្យជីវិត។ មែនហើយ ក្រៅពីខ្លួនយើង គ្មាននរណាម្នាក់ដែលអាចមករ៉ាប់រងវាជំនួសយើងបានទេ។ ដូច្នេះហើយចូរដាស់ស្មារតីខ្លួនឯងឡើង ប្រាប់ខ្លួនឯងថា “យើងអាចធ្វើបាន” គេអាចធ្វើបានយើងក៏អាចដូចគ្នា៕