នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃទី១ ខែឧសភា បានប្រកាសថា អង់គ្លេស បានឆ្លងផុតដំណាក់ កាលកំពូល នៃការឆ្លងរាលដាលកូវីដ១៩។ ទន្ទឹមនឹងនោះ លោកក៏បានស្នើដល់ពលរដ្ឋបន្តរង់ចាំ បន្ថែម១សប្តាហ៍ទៀត ហើយច្បាប់រឹតបន្ដឹងនោះនឹងត្រូវ បន្ធូរបន្ថយវិញ។
លោក Boris Johnson បានប្រកាស នៅក្នុងសន្និសីទកាសែតថា «ជាលើកដំបូងខ្ញុំអាចបញ្ជាក់បានថា ប្រទេសអង់គ្លេសបានឆ្លងផុតដំណាក់កាលកំពូល នៃការឆ្លងកូវីដ១៩ ហើយចំនួនអ្នកឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់។ ខ្ញុំនឹងប្រកាសពីគម្រោងថ្មី នៅសប្តាហ៍ក្រោយ ដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ ក្មេងៗនឹងបានវិលត្រឡប់ទៅសាលារៀន ក្នុងពេលឆាប់ៗនេះ ប្រកបដោយសុវត្ថិភាព»។
ប៉ុន្តែមេដឹកនាំអង់គ្លេស បានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរ មិនអាចធ្វើឡើងភ្លាមៗនោះឡើយ គឺសន្សឹមៗ ពឹងផ្អែកទៅលើចំនួនអ្នកឆ្លង និងការទប់ស្កាត់បានយ៉ាងល្អពីពលរដ្ឋ។ លោក Johnson បានអំពាវនាវដល់ពលរដ្ឋបន្តគោរពតាមច្បាប់ដែលបានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាព ។
គិតមកដល់ព្រឹកថ្ងៃទី១ ខែឧសភា អង់គ្លេស មានអ្នកឆ្លងកូវីដ១៩ សរុប មានជាង១៧១ពាន់នាក់ ស្លាប់ជាង២៧ ពាន់នាក់៕ ប្រែសម្រួលដោយ៖MEO