ប្រភព worldometers ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា អ្នកជីងឺកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅលើពិភពលោកកើនឡើង ៣៣០៣ ៨៥០ នាក់។
ប្រភពបន្តថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ មាន ២៣៣ ៨១៣ នាក់បានបាត់បង់ជីវិត ។ ប៉ុន្តែអ្នកជំងឺ ១ ០៣៩ ០៥៥ នាក់បានជាសះស្បើយ បើទោះបីមិនទាន់ថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងបង្ការនៅឡើយយ៉ាងណាក៏ដោយ ។
ប្រភព wikipeida ផ្សាយថា វីរុសនេះឆ្លងរាលដាលនៅលើដែនដី និងប្រទេសសរុប២២៧ជុំវិញពិភពលោក គិតមកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពថា សហរដ្ឋអាមេរិក មានអ្នកឆ្លងច្រើនជាងគេបំផុត សរុប ១ ០៩២ ៣២៩ នាក់ ក្នុងនោះបាត់បង់ជីវិត ៦៣ ៥៣៨ នាក់ និង ១២៨ ៤៣៦ នាក់ជាសះស្បើយ ។
ប្រទេសអេស្ប៉ាញ មានអ្នកឆ្លងសរុប ២១៣ ៤៣៥ នាក់ ក្នុងនោះបាត់បង់ជីវិត ២៤ ៥៤៣នាក់ និង១១២ ០៥០ នាក់បានជាសះស្បើយ ។
អ៊ីតាលី មានអ្នកឆ្លង២០៥ ៤៦៣ នាក់ ក្នុងនោះបាត់បង់ជីវិត ២៧ ៩៦៧ នាក់ និង៧៥ ៩៤៥ នាក់បានជាសះស្បើយ ។
សូមជម្រាបថា វីរុសកូវីដ១៩ បានផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល ប្រទេសចិន ។
អ្នកជំនាញបានអះអាងថា វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរ នៃវីរុសដូចគ្នានឹងជំងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។
វីរុសនេះត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅ បានរយ:ពេលជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើ ដើម្បីសម្លាប់វាបាន។
រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម ហើយ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន ៕ ប្រែសម្រួលដោយ៖ thach yat