បុរសៗគួរតែអានអត្ថបទនេះដោយយកចិត្តទុកដាក់ បើអ្នកយល់ថាមនុស្សស្រី ឬភរិយារបស់អ្នកជាប្រភេទមនុស្សដែលទន់ជ្រាយ…
ធម្មជាតិមនុស្សស្រីគឺទន់ខ្សោយណាស់ ទោះបីពេលខ្លះនាងធ្វើខ្លួនមើលទៅដូចជារឹងមាំទៅកាន់មនុស្សគ្រប់គ្នាដែលនៅក្បែរនាងថានាងជាមនុស្សខ្លាំងយ៉ាងណាក៏ដោយ តែធាតុពិតនាងជាមនុស្សម្នាក់ដែលងាយនឹងប៉ះទង្គិចផ្លូវចិត្តជាទីបំផុត។
មនុស្សប្រុសប្រហែលជាគិតថាមនុស្សស្រីជាប្រភេទមនុស្សដែលទន់ជ្រាយ ងាយយំ ងាយស្រក់ទឹកភ្នែក។
មែនហើយ មិនខុសទេថាមនុស្សស្រីតែងតែបង្ហាញពីអារម្មណ៍នាងជាញឹកញាប់តាមរយៈភាពសោកសៅ និងទឹកភ្នែក តែបុរសមិនបានយល់ពីភាពហានក្លាដែលនាងបានធ្វើនោះទេ។ កំឡុងពេលដែលទឹកភ្នែកកំពុងស្រក់ មានន័យថានាងបានទ្រាំនឹងរឿងរ៉ាវច្រើនណាស់ហើយ រហូតដល់នាងត្រូវតែបញ្ចេញទុក្ខសោកទាំងនោះតាមរយៈទឹកភ្នែកដើម្បីឱ្យធូរចិត្ត។
មនុស្សស្រីសុខចិត្តសម្រក់ទឹកភ្នែកក៏នាងមិនបញ្ចេញកំហឹងរបស់នាងទៅកាន់មនុស្សដែលនាងស្រលាញ់ដែរ។ មនុស្សស្រីចូលចិត្តលាក់អារម្មណ៍ និងភាពសោកសៅនៅក្នុងចិត្ត នាងនឹងមិនបង្ហាញវាដោយងាយៗទៅកាន់មនុស្សដែលនាងស្រលាញ់នោះទេ ក៏ព្រោះតែមិនចង់ធ្វើឱ្យមនុស្សដែលខ្លួនស្រលាញ់ពិបាក។
មនុស្សស្រីគឺពូកែស៊ូទ្រាំនឹងការលំបាកខ្លាំងបំផុត មិនថានាងជួបនឹងរឿងកើតទុក្ខ បញ្ហាច្រើនយ៉ាងណាក្តី នាងក៏សុខចិត្តទ្រាំដោះស្រាយវាតែម្នាក់ឯង។ នេះក៏ព្រោះតែនាងយល់ថា អ្នកមានអំរែកច្រើនហើយ មិនត្រូវបន្ថែមសម្ពាធឱ្យអ្នកទៀតនោះទេ។ ដឹងទេ? នាងអស្ចារ្យណាស់! នាងបានស៊ូទ្រាំរ៉ាប់រងនូវអារម្មណ៍ខុសៗគ្នាជាច្រើន ហើយវាប្រហែលជារឿងដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍ផង។
– នាងអាចធ្វើការខាងក្រៅដូចអ្នកដែរ ជួបរឿងស្មុគស្មាញដូចអ្នកដែរ ក៏ហត់នឿយដូចអ្នកដែរ តែនាងក៏ត្រូវដើរតួនាទីយ៉ាងច្រើនទៀតនៅក្នុងគ្រួសារ។
– នាងត្រូវគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ខ្លាចខ្វះខាត ខ្លាចអ្នកបន្ទោស ខ្លាចអ្នកមិនស្រលាញ់នាង។
មនុស្សប្រុសប្រហែលជាមិនសូវចាប់អារម្មណ៍ថា មនុស្សស្រីមានសកម្មភាពច្រើនជាងបុរស មិនថាខួរក្បាលឬកម្លាំងកាយ តែពេលខ្លះអ្នកបែរជាទុកវាជារឿងតូចតាច ជាតួនាទីរបស់នាង ហើយធ្វើឱ្យនាងហត់ចិត្តទៅវិញ។
ជីវិតមនុស្សទន់ជ្រាយដែលធ្វើអីមិនកើតគឺចឹងឯង៕