ក្រោយពេលមានច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្នផ្នែកសុខភាព សម្រាប់ទប់ស្កាត់ការឆ្លងរាតត្បាត នៃកូវីដ១៩នោះមក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកមានចំណូលទាប និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ទើបរដ្ឋាភិបាលត្រូវទទួលរាប់រង និងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះ។
ក្រសួងហិរញ្ញវត្ថុថៃ កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា បានបើកមណ្ឌលទទួលពាក្យពីគម្រោងផ្ដល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋ។ នេះជាការអនុវត្ដតាមការផ្ដួចផ្ដើមគំនិតរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ។ បើតាមគម្រោងនេះ រដ្ឋាភិបាល នឹងផ្ដល់ប្រាក់ចំនួន១៥៥ដុល្លារ (៥ពាន់បាតប្រាក់ថៃ) ក្នុង១ខែ សម្រាប់រយ:ពេល៣ខែដល់អ្នកធ្វើការក្រៅប្រព័ន្ធ។
កាលពីពេលកន្លងទៅនេះ ប្រជាពលរដ្ឋបានទៅប្ដឹងដល់ក្រសួង ស្ដីអំពីផលប៉ះពាល់ នៃការរាតត្បាត នៃកូវីដ១៩ តែពាក្យបណ្ដឹងរបស់ពួកគេ ត្រូវក្រសួងច្រានចោល។ រីឯអ្នកខ្លះដោយសារតែមានបញ្ហាវិបត្ដិសេដ្ឋកិច្ចគ្រួសារ ក៏ធ្លាប់ប៉ុនប៉ងធ្វើអត្ដឃាតផងដែរ។
ស្ថិតក្នុងស្ថានភាពបែបនេះ លោកនាយករដ្ឋមន្រ្ដីថៃ កាលពីប៉ុន្មានថ្ងៃមុននេះ បានចេញនូវការអង្វរករដល់ប្រជាពលរដ្ឋរបស់ខ្លួន សុំឲ្យមានការអត់ធ្មត់បន្ដិច។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា លោកបានដឹងច្បាស់ពីការលំបាករបស់ប្រជាពលរដ្ឋ និងអាជីវករ ជាពិសេស អ្នកមានចំណូលទាប និងអ្នកប្រកបរបរក្រៅប្រព័ន្ធ។ លោកបានសន្យាថា លោកនឹងយកចិត្ដទុកដាក់ ដោះស្រាយលើបញ្ហានេះ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ។
រហូតមដល់ពេលនេះ រដ្ឋាភិបាលថៃ នឹងបន្ដបិទប្រទេស រយ:ពេល១ខែទៀត គឺរហូតដល់ថ្ងៃទី៣១ ខែឧសភា ដោយសារតែការព្រួយបារម្ភអំពីវីរុសឆ្លងដ៏កាចសាហាវ (កូវីដ១៩) នេះ។ បើគិតត្រឹមវេលារសៀល ថ្ងៃទី៣០ ខែមេសា នៅក្នុងប្រទេសថៃ មានអ្នកឆ្លង២៩៥៤នាក់ ក្នុងនោះជាសះស្បើយ២៦៨៧នាក់ និងស្លាប់៥៤នាក់៕ ប្រែសម្រួលដោយ Nuon