ការបោះឆ្នោតអាមេរិក កាន់តែខិតជិតមកដល់ ហើយការគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានធ្លាក់ចុះបន្តិចម្តងៗ ។ ចំណែកបេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិតេយ្យ លោក Joe Biden ក៏ទទួលបានការគាំទ្រ កាន់តែច្រើនឡើងជាលំដាប់។
លោក ត្រាំ ប្រកាស កាលពីថ្ងៃទី២៩ ខែមេសាថា លោកបានបញ្ជាក់ថា បញ្ហាកូវីដ១៩ គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ទីក្រុងប៉េកាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យលោកបរាជ័យ ក្នុងការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខ។ លោក ត្រាំ បញ្ជាក់ថា«ចិននឹងធ្វើគ្រប់យ៉ាងឲ្យខ្ញុំបរាជ័យ ក្នុងការបោះឆ្នោត »។
លោក ត្រាំ បន្តទៀតថា ចិនចង់ឲ្យគូប្រជែងរបស់លោក គឺ Joe Biden ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាជាច្រើនផ្សេងទៀត។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៣០ ខែមេសា បានដកស្រង់សម្តីប្រធានាធិបតី ត្រាំ បញ្ជាក់ថា ចិន ជាអ្នកបង្កឲ្យមានកូវីដ១៩ រាលដាល នៅលើពិភពលោក ធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ចូលធ្លាក់ក្នុងវិបត្តិ ហើយនឹងធ្វើឲ្យក្តីសង្ឃឹមរបស់លោក ត្រាំ បន្តដឹកនាំអាមេរិកមួយអាណត្តិទៀត កំពុងតែបាត់បង់។
ដោយឡែករដ្ឋាភិបាលចិនវិញ បានស្នើដល់រដ្ឋាភិបាលលោក ត្រាំ ឈប់យកបញ្ហាកូវីដ១៩ ទៅជាធ្វើជារឿងនយោបាយ ទម្លាក់កំហុសមកលើចិន។
ពាក់ព័ន្ធនឹងការបោះឆ្នោត នាពេលខាងមុខ បេក្ខភាព Biden ទទួលបានការគាំទ្រខ្ពស់ ពីពលរដ្ឋនិងអ្នកនយោបាយសំខាន់ៗ នៅអាមេរិក។ ក្រុមអ្នកជំនាញ បានបញ្ជាក់ថា បើទោះជាមិនមានកូវីដ១៩ ក៏លោក ត្រាំ ពិបាកក្នុងការយកឈ្នះបន្តដឹកនាំ៤ឆ្នំាទៀតដែរ។ នេះក៏ដោយសារតែគោលនយោបាយរបស់លោក បានធ្វើឲ្យអាមេរិក កាន់តែឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ៕ ប្រែសម្រួលដោយ៖MEO