ចាប់តាំងពីការផ្ទុះឡើង នៃការកូវីដ១៩នោះមក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច សូម្បីតែប្រជាកសិករដាំដំណាំបានហើយ ក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទប្រទេស ទើបកងទ័ពថៃក្លាយជាអតិថិជន នាំគ្នាជួយទិញកសិផលទាំងនោះ ដើម្បីជាការសម្រាលបន្ទុកនូវការខាតបង់របស់ពួកគាត់ ដោយមិនចាំបាច់ដឹកទៅកាន់ទីផ្សារ។
បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយថា ស្ថិតក្នុងស្ថានភាព នៃការរាតត្បាតពីវីរុសកូរ៉ូណា ឬកូវីដ១៩នេះ ប្រជាកសិករក៏កំពុងតែរងទុក្ខយ៉ាងខ្លាំង ក្រោយការបិទប្រទេស។ ជាមួយគ្នានេះ កងទ័ពភូមិន្ទថៃបាននាំគ្នាទិញកសិផលទាំងនោះ យកទៅចែកចាយ នៅតាមមូលដ្ឋានកងទ័ព ដើម្បីជាការជួយសម្រាលបន្ទុក នៃការខាតបង់របស់កសិករ។
លោក Apirat Kongsompong នាយអគ្គសេនាធិការភូមិន្ទថៃ បានបញ្ជាឲ្យកងទ័ពគ្រប់កងពល នៅទូទាំងប្រទេសថៃ ត្រូវតែនាំគ្នាជួយទិញកសិផលពីកសិករ ដោយមិនចាំបាច់ឲ្យពួកគាត់ដឹកជញ្ជូនផលដំណាំទាំងនោះទៅកាន់ទីផ្សារនោះឡើយ។ លោកនាយអគ្គសេនាធិការ បានបញ្ជាបែបនេះ បានកើតឡើង នៅក្នុងអំឡុងពេលរដ្ឋាភិបាលថៃ បានបញ្ជាឲ្យបិទប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរាលដាល នៃកូវីដ១៩។
រហូតមកដល់ពេលនេះ ថៃបានបន្ដបិទប្រទេស រយ:ពេលមួយខែទៀត ព្រោះតែភ័យខ្លាចកូវីដ១៩ ហើយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ក៏បានសុំឲ្យប្រជាពលរដ្ឋរបស់ខ្លួន មេត្ដាអត់ធ្មត់បន្ដិចទៀត។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា លោកពិតជាដឹងច្បាស់ អំពីការលំបាករបស់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងកាល:ទេស: នៃការបិទប្រទេសនេះ ជាពិសេស អ្នកមានចំណូលទាប និងអ្នកប្រកបរបរក្រៅប្រព័ន្ធ។ ប៉ុន្ដែរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ ដើម្បីបង្កើននូវភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ៕ ប្រែសម្រួលដោយ Nuon