Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាពខុសគ្នារវាងការធ្វើការងារស្ម័គ្រចិត្តរយៈពេលវែង និង ការងារស្ម័គ្រចិត្តរយៈពេលខ្លី

នាពេលបច្ចប្បន្ននេះ​ យើងសង្កេតឃើញថា សិស្សានុសិស្ស ក៏ដូចជាសិស្ស និស្សិតជាច្រើន បានចំណាយពេលវេលាមួយផ្នែកក្រៅពីការសិក្សារបស់ពួកគាត់ ទៅធ្វើការងារស្ម័គ្រចិត្តផ្សេងៗ។​ សម្រាប់ពួកគាត់ផ្ទាល់ ការចូលរួមការងារស្ម័គ្រចិត្តទាំងអស់នេះ គឺមិនមែនត្រឹមតែដើម្បីជួយដល់អ្នកដែលមានបញ្ហា ឬក៏ជួយដល់សង្គម តែប៉ុណ្ណោះទេ តែវាជាផ្នែកមួយដើម្បីអភិវឌ្ឍចំណេះដឹងខ្លួនឯងសម្រាប់ពួកគាត់ផងដែរ។​ ក្នុងអត្ថបទនេះ យើងនឹងនាំយកនូវការពន្យល់លើ​​​​ប្រភេទការងារស្ម័គ្រចិត្ត ២យ៉ាង  ដែលទីមួយ ជាប្រភេទការងារស្ម័គ្រចិត្តដែលមានរយៈពេលវែង និងមួយទៀតជាការងារស្ម័គ្រចិត្ត ដែលមានរយៈពេលខ្លី។​ ការពិតទៅ ការស្ម័គ្រចិត្តទាំងពីរប្រភេទនេះ មិនមានអ្វីដែលខុសគ្នាខ្លាំងនោះទេ ព្រោះថាវាសុទ្ធតែជាការចូលរួមក្នុងការជួយដល់សង្គមដូចគ្នា តែអ្វីដែលខុសគ្នានោះ គឺជារយៈពេលនៃការចូលរួមក្នុងស្ថាប័នផ្ទាល់។ ទន្ទឹមនឹងនេះដែរ មិនថារយៈពេលណាក៏ដោយ វាតែងតែមានចំណុចល្អ និងមិនល្អផងដែរ។​ខាងក្រោមនេះគឺជា ការប្រៀបធៀបរវាង ផលវិជ្ជមាន និង ផលអវិជ្ជមាន រវាងការធ្វើការងារស្ម័គ្រចិត្តរយៈពេលវែង និង ការងារស្ម័គ្រចិត្តរយៈពេលខ្លី

ការងារស្ម័គ្រចិត្តរយៈពេលវែង

  • ផលវិជ្ជមាន

១. ទទួលបានការបណ្តុះបណ្តាលមុនការធ្វើការងារស្ម័គ្រចិត្ត:

អង្គភាពនិមួយៗច្រើនមានការរៀបចំ វគ្គបណ្តុះបណ្តាលខ្លីៗ សម្រាប់សមាជិកថ្មីដោយឲ្យដឹងពីអំពីចក្ខុវិស័យ ឬបេសកកម្មរបស់អង្គភាព មុននឹងអាចចូលធ្វើជាសមាជិក ដែលអាចពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញទន់ដូចជាជំនាញប្រាស្រ័យទាក់ទង ជំនាញចរចា មានភាពជាអ្នកដឹកនាំ ការរៀនមានទំនុកចិត្តលើខ្លួនឯង ជាដើម​ ដែលជាទុនទៅការងារនាថ្ងៃអនាគត។

២. ប្រកួតប្រជែងខ្លួនឯងជាមួយភារកិច្ចថ្មី​​:

ការងារស្ម័គ្រចិត្តរយៈពេលវែង តែងផ្តល់ការងារជាច្រើន ហើយសុទ្ធសឹងតែជា ការងារថ្មីៗដែលមិនបានជួបពីមុន​ ដោយនៅក្នុងអង្គភាពខ្លះ មានការធ្វើសិក្ខាសាលាជាច្រើន មានវគ្គខ្លីៗក្នុងបណ្តុះបណ្តាល មានកម្មវិធីសប្បុរសធម៌ ។ល។

៣. បណ្តាញទំនាក់ទំនងជាមួយមនុស្សច្រើន:

ការងារស្ម័គ្រចិត្តរយៈពេលវែង តែងរៀបចំនូវកម្មវិធីនិងមានការជួបពីគ្រប់វិស័យ គ្រប់ស្ថាប័ន ឫបុគ្គលល្បីជាច្រើនរូបនៅក្នុងសង្គម ដែលពូកគាត់អាចជាម្ចាស់អាជីវកម្ម ប្រធានក្រុមហ៊ុន ឬស្ថាប័នណាមួយ អ្នកវិនិយោគទនផ្សេងៗ ។ល។

៤. បង្កើនភាពស្និទ្ធស្នាល:

ដោយសារមានការចំណាយពេលវេលាច្រើនក្នុងក្រុម មានការងារត្រូវ ធ្វើជាមួយគ្នាច្រើន ការងារស្ម័គ្រចិត្តរយៈពេលវែង ធ្វើឲ្យមិត្តភាពរវាងមិត្តភាពក្នុងក្រុម កាន់តែមានភាពស្និតស្នាលជាមួយគ្នា។ 

៥. ទទួលបាននូវបទពិសោធន៏សំខាន់ៗ និងរៀនជំនាញថ្មីៗ​ ក៏ជាចំណែកក្នុង ការជួយសហគមន៏:

ការងារស្ម័គ្រចិត្តរយៈពេលវែងអាចធ្វើអោយយើងទទួលបាននូវចំណេះដឹងថ្មីក្រៅពីសាលាដែលបានបង្រៀន បានការស្វ័យសិក្សាដោយខ្លួនឯង យល់ដឹងពីបរិបទសង្គមផ្ទាល់ មានផ្នត់គំនិតថ្មី ការចូលរួម នៅក្នុងសកម្មភាពសង្គម ធ្វើឲ្យសហគមន៍ភាពប្រសើរឡើងមួយកម្រិតថែមទៀត។ មិនតែប៉ុណ្ណោះ អ្នកក៏អាចចូលរួមក្នុងការងារសង្គម ដូចជា ការចែកសម្ភារៈសិក្សាដល់ក្មេងៗនៅតាមខេត្ត ការចែកសម្ភារៈដល់មនុស្សចាស់ដែលបានមកពី សប្បុរសជនផងដែរ។

៦. ប័ណ្ណសរសើរ:

ការងារស្ម័គ្រចិត្តទាំងអស់សុទ្ធតែផ្តល់នូវប័ណ្ណសរសើរ តែអ្វីដែលពិសេសរបស់ការងារស្ម័គ្រចិត្តរយៈពេលវែងគឺ ប័ណ្ណសរសើរតែមួយសន្លឹកតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការធ្វើការងារជាច្រើនផ្សេងៗគ្នា និង មានមោទនភាពដែលបានទទួលវា។ 

  • ផលអវិជ្ជមាន

១. ចំណាយ​ពេលវេលា​ច្រើន​:

ជាទូទៅ ការងារស្ម័គ្រចិត្តត្រូវមានការចំណាយពេលវេលាក្នុងការប្រជុំ រវាងសមាជិក និងប្រធាន ការពិភាក្សាមតិយោបល់ក្នុងការងារ​រវាងសមាជិកទាំងអស់ និង ការរៀបចំគំរោងផ្សេងៗ។

២. ការចំណាយច្រើន:​

ការងារស្ម័គ្រចិត្តគឺមិនទទួលបាន ជាប្រាក់កម្រៃនោះទេ អ្នកធ្វើការងារស្ម័គ្រចិត្តត្រូវចំណាយពេលវេលា ក៏ដូចជាថវិកាផ្ទាល់ខ្លួនរាល់ពេលជួបជុំ ឬ មានកម្មវិធីផ្សេងៗ។

៣. ស្ថិត​នៅ​ក្រោម​សម្ពាធច្រើន:

ការងារស្ម័គ្រចិត្តរយៈពេលយូរ តែងតែមាននូវការងារនិង បន្ទុកជាច្រើនដែលត្រូវធ្វើ និងដោះស្រាយ ដែលជាហេតុនាំតម្រូវឲ្យមានការតាមដាន ត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងតឹងរឹងក្នុងការសម្រេចការងារនីមួយៗ។

ការងារស្ម័គ្រចិត្តរយៈពេលខ្លី

  • ផលវិជ្ជមាន

១ .ទទួលបានលិខិតបញ្ជាក់ពីការចូលរួម:

ការងារស្ម័គ្រចិត្តរយៈពេលខ្លី ក៏អាចជាជម្រើសល្អសម្រាប់អ្នកដែលចូលរួមការងារស្ម័គ្រចិត្តជាលើកដំបូង ក៏ដូចជា សិស្សានុសិស្ស និស្សិត ដែលត្រូវការដាក់ពាក្យស្នើសុំអាហារូបករណ៍ ឬផ្លាស់ប្តូរកម្មសិក្សាផ្សេងៗនៅឯបរទេស។

២. មានបទពិសោធន៏ធ្វើតួនាទីផ្សេងៗគ្នា:

ការងារស្ម័គ្រចិត្តរយៈពេលខ្លីអាចឲ្យអ្នកមានកាសច្រើនក្នុងការចូលរួមក្នុងកម្មវិធីជាច្រើន ក៏សាកល្បងការងារ យល់ដឹងពីតួនាទីផ្សេងៗ។ 

  • ផលអវិជ្ជមាន

១. ទទួលបានបទពិសោធន៍តិចតួច:

ដោយសារតែការងារស្ម័គ្ររយៈពេលខ្លី ប្រព្រឹត្តិទៅតែមួយ កម្មវិធីអាចមានរយៈពេល ៣ ទៅ ៤ថ្ងៃ ទើបមិនទទួលបានចំណេះដឹងច្រើនមិនបានស្វែង យល់ជំនាញថ្មីច្រើនឡើយ។ 

២. មិនច្បាស់អំពីចក្ខុវិស័យឬបេសកកម្មរបស់អង្គភាព:

ដោយសារតែការងារស្ម័គ្រចិត្តរយៈពេលខ្លី មួយចំនួនស្វែងរកមនុស្សមកជួយ ក្នុងរយៈពេលមួយថ្ងៃ ជាហេតុធ្វើឲ្យអ្នកចូលរួម មិនបានស្វែងយល់ឲ្យស៊ីជម្រៅនៅក្នងអង្គភាព។ 

៣. មនុស្សអាចធ្វើវាសម្រាប់តែប័ណ្ណសរសើរប៉ុណ្ណោះ:

អ្នកចូលរួមធ្វើការងារស្ម័គ្រចិត្តរយៈពេលខ្លីមួយចំនួន មិនបានខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តទេ គ្រាន់តែចង់បាននូវប័ណ្ណសរសើរ ជាហេតុធ្វើឲ្យពួកគេមិនទទួលបាននៅ បទពិសោធន៍ពីការងារនោះ។

សរុបមកវិញ ការងារស្ម័គ្រមិនថាក្នុងរយៈពេលណាមួយឡើយ សុទ្ធ​សឹងតែមានអត្ថប្រយោជន៍ សម្រាប់ខ្លួនឯង សហគមន៍ សង្គម និងប្រទេស តែ​ស្របពេលជាមួយគ្នា ការងារណាក៏តែងតែមានផលល្អ ឬមិនល្អដូចគ្នា។ហេតុដូច្នេះ សូមគិតពិចារណា នៅចំណុចវិជ្ជមាន និងអវិជ្ជមាន ហើយពេលសម្រេចចិត្តរួច ព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ។ 

អត្ថបទដោយសមាជិក Project Inspire:  ពុំ​ អ៊ីលែន

from: https://tnaot.com/km/m/detail/article/9180919