វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញមានសរុប ៨២,៩ ពាន់លានដុល្លារ និងមានចំណូលពីការនាំចូលវិញ ជិត៧៩,៩ ពាន់លានដុល្លារ គិតក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២០ គឺកើនឡើង៤,៧ ភាគរយ និង ២,១ ភាគរយ គិតបៀបធៀបពីមួយឆ្នាំកន្លងទៅ ។ នេះបើតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ហើយត្រូវបានប្រភពស៊ីនហួដកស្រង់ចុះផ្សាយបន្ត។
ប្រភពដដែលនេះបញ្ជាក់ថា វៀតណាមរកចំណូលបានសរុប ១៦,២ ពាន់លានដុល្លារពីស្មាតហ្វូន និងគ្រឿងបន្លាស់ ដោយកើនឡើង ១,១ ភាគរយ ។ ទទួលបានទឹកប្រាក់សរុប ១២,៤ ពាន់លានដុល្លារ ពីការនាំចេញទំនិញអេឡិចត្រូនិច, កុំព្យូទ័រ និងគ្រឿងបន្លាស់ គឺកើនឡើង ២៨,៦ ភាគរយ និងទទួលបានទឹកប្រាក់សរុប ៥,៥ ពាន់លានដុល្លារអាមេរិក ពីផលិតផលស្បែកជើង ដោយកើនឡើង ១,៣ ភាគរយ ។
ប្រភពបន្តថា នៅចន្លោះខែមករា និងមេសា, សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចូលធំជាងគេរបស់វៀតណាម សរុបទឹកប្រាក់ ២០,៣ ពាន់លានដុល្លារ ។ បន្ទាប់មកគឺប្រទេសចិន, ការនាំចូលពីចិនរបស់វៀតណាម មានប្រហែល ១៣,១ ពាន់លានដុល្លារ និងនាំចូលពីសហភាពអ៊ឺរ៉ុប ប្រហែលទឹកប្រាក់ ១០,៧ ពាន់លានដុល្លារ ។
ប្រភពបន្តថា ក្នុងរយៈពេលដូចគ្នានេះ ប្រទេសវៀតណាមបានចំណាយ ១៧,៨ ពាន់លានដុល្លារលើការនាំចូលទំនិញអេឡិចត្រូនិច, កុំព្យូរទ័រ និងគ្រឿងបន្លាស់ គឺកើនឡើង ១២,៥ ភាគរយ, ស្មើតម្លៃ ១១,៥ ពាន់លានដុល្លារ លើគ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់ដទៃផ្សេងទៀត ធ្លាក់ចុះ ០,១ ភាគរយ, ចំណាយទឹកប្រាក់ ៤,៣ ពាន់លានដុល្លារ នាំចូលលើស្មាតហ្វូន និងគ្រឿងបន្លាស់ គឺកើនឡើង ១២ ភាគរយ និង ទឹកប្រាក់ ៣,៦ ពាន់លានដុល្លារ ចំណាយលើការនាំចូលទៅលើសម្លៀកបំពាក់ គឺមានការធ្លាក់ចុះ ១០,៩ ភាគរយ ។
ជាមួយគ្នានេះដែរ ប្រទេសចិន នៅតែជាប្រទេសនាំចេញធំជាងគេរបស់វៀតណាម បានសរុបទឹកប្រាក់ ២២,៧ ពាន់លានដុល្លារ, បន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូង បានទឹកប្រាក់ចំនួន ១៥,៥ ពាន់លានដុល្លារ និងបណ្តាប្រទេសអាស៊ានមានចំនួន ៩,៩ ពាន់លានដុល្លារអាមេរិក។
កាលពីឆ្នាំ ២០១៩ ពាណិជ្ជកម្មសរុបរបស់វៀតណាម បានទឹកប្រាក់សរុបជិត ៥១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញបានទឹកប្រាក់សរុបជិត ២៦៣,៥ ពាន់លានដុល្លារ ។ ប្រទេសវៀតណាមនេះបានបង្ហាញអតិរេកពាណិជ្ជកម្ម ជាង ៩,៩ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ៕ ប្រែសម្រួលដោយ៖ thach yat