អាជីវកម្មជាច្រើនដែលពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ភ្លាមៗត្រឹមរយៈពេលប្រមាណមិនដល់២ខែផង ក្រោយមានផ្ទុះរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ដោយផ្អែកលើរបាយការណ៍ របស់ក្រសួងទេសចរណ៍ គិតត្រឹមព្រឹកថ្ងៃពុធ ទី ២៩ នេះ អាជីវកម្មសរុប ២៨៦៥ ទីតាំងបានបិទទ្វារជាបន្តបន្ទាប់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃ ២៩ ខែមេសា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ទៅលើផលប៉ះពាល់ ក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដែលបណ្តាលឱ្យអាជីវកម្មមួយចំនួន ត្រូវបានបិទទ្វារទាំងស្រុង។
បើតាមឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់តាមរយៈកិច្ចប្រជុំអាស៊ាន នៅព្រឹកថ្ងៃនេះបានឱ្យដឹងថា បើគិតទៅលើអាជីវកម្មដែលបានចុះបញ្ជីរ និងមិនបានចុះបញ្ជីរគឺមានផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។
យោងតាមសេចក្តីប្រកាសខាងលើនេះបានឱ្យដឹងថា អនុវត្តតាមវិធានការ និងការណែនាំជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការរាគត្បាតនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ស្តីពីការផ្អាកដំណើរការអាជីវកម្ម និងសេវាកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ អាជីវកម្មទេសចរណ៍ដែលត្រូវបានបិទ (បិទដោយការផ្អាកដំណើរការនិងបិទបញ្ចប់អាជីវកម្ម) ទូទាំងប្រទេសមានចំនួនសរុប២៨៦៥ទីតាំង ស្មើនិង២៩,៥៧% ធៀបនិងទីតាំងអាជីវកម្មទេសចរណ៍សរុប ដែលមាន៩,៦៨៩ទីតាំង រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូ បៀហ្គាឌិន និងកីឡាទេសចរណ៍)។
ផលប៉ះពាល់ដល់បុគ្គលិគចំនួន៤៦៣៦៩នាក់ស្មើនឹង ៤២.៦% ប្រៀបធៀបបុគ្គលិកសរុប ១០៨ ៨៤៧នាក់ និងអគ្គុទ្ទេសក៏ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន៩៦នាក់ ស្មើនឹង១.៥%ធៀបនិងចំនួនមគ្គុទ្ទេសក៏ទេសចរណ៍សរុប៦៤១៦នាក់។
ដោយឡែកសេវាកម្មសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេស មានចំនួន២៨២សណ្ឋាគារ (១៥៤៨៨បន្ទាប់)ស្មើនិង ២៧% ធៀបនិងចំនួនសណ្ឋាគារសរុបដែលមាន១០៤៤ទីតាំង (៤៨៧៩១បន្ទប់) និងផលប៉ះពាល់បុគ្គលិក១៦២០៣នាក់ ស្មើនិង៤១% ធៀបនិងបុគ្គលិកសរុប៣៩,១៥១នាក់។
ចំពោះសេវាកម្មផ្ទះភ្ញៀវ(ផ្ទះសំណាក់) ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៤០៥ទីតាំង (៥៦៤៤បន្ទប់)ស្មើនឹង១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន២ ៦៤៣ ទីតាំង (៣៤ ៩៥៧បន្ទប់) និងផលប៉ះពាល់បុគ្គលិក ២០៨៧នាក់ ស្មើនឹង១៩.៥ ធៀបនឹងបុគ្គលិកសរុប ១០ ៦៦៩នាក់។ សេវាកម្មភោជនីដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៣៧១ទីតាំង(១៧ ០២៧កៅអី) ស្នើនឹង១០.៨% ធៀបនឹងចំនួនភោជនីដ្ឋានសរុបមាន៖ ៣៤១៥ទីតាំង (១៦៧៦៣៨កៅអី) និងផលប៉ះពាល់បុគ្គលិក៣២០១នាក់ ស្មើនឹង១១.១១%ធៀបនិងបុគ្គលិកសរុប២៨ ៧៣៨នាក់។ ដោយ៖ ឃួន លក្ខិណា