ភ្នំពេញ៖ ចាប់ពីដើមខែឧសភាតទៅ សមត្ថកិច្ចនឹងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ទាក់ទងការរឹតបន្តឹងច្បាប់នេះប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ប៉ុន្តែពួកគាត់ស្នើសុំឲ្យសមត្ថកិច្ចចុះអនុវត្តច្បាប់ ប្រកបដោយតម្លាភាពដែលអាចទុកចិត្តបាន។
លោក សុង ដា ជាអ្នករត់ Pass App នៅរាជធានីភ្នំពេញបានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ បើធ្វើជាប់ជារៀងរហូតគឺជាការល្អបំផុត ព្រោះការដែលតែធ្វើមួយខែឬ ពីខែហើយឈប់វិញ គឺដដែលជាដដែល។ ចំពោះការផាកពិន័យវិញទោះបីការរឹតបន្តឹងលើកនេះ មានការពិន័យច្រើនជាងការរឹតបន្តឹងមុនៗក៏ដោយ លោក សុង ដា លើកឡើងថាមិនមានជាបញ្ហានោះទេ។
ជុំវិញការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បុរសអ្នករត់ Pass App ស្នើសុំឲ្យមានការអនុវត្តន៍ទៅលើគ្រប់ អ្នកធ្វើចរាចរណ៍លើដងផ្លូវ មិនថា អ្នកតូច ឬអ្នកធំ បើខុសច្បាប់ សូមត្រួពិនិត្យ និងធ្វើការពិន័យឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់។
ចំណែកលោក សារ៉េត ជាអ្នករត់ម៉ូតូឌុបនៅម្តុំបឹងកក់បានឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្លាំងជាងមុន គឺជាចំណែកមួយជួយកាត់បន្ថយការបើកបរស្ថិតក្រោមស្ថានភាពស្រវឹង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ទៅលើអ្នកផ្សេងដែលគ្មានកំហុស។
អ្នករត់ម៉ូតូឌុបម្នាក់ទៀតនៅក្បែរនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ដើម្បីចៀសឆ្ងាយ ពីការផាក ពិន័យនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលើកនេះ យើងគ្រប់គ្នាត្រូវតែចូលរួមគោរពច្បាប់រាល់ពេល ធ្វើដំណើរមិនថាទីជិត ឬឆ្ងាយឡើយ។
យ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០នេះបានគូសបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស នឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយស្មារតីទទួលខុសត្រូវ តម្លាភាព គ្មានការលើកលែង និងមានសីលធម៌វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។
ជុំវិញការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។
សម្តេចលើកឡើងថា យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានក្រើនរំឮកដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ និងយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេសផងដែរ។
សូមជម្រាបថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងមានការផាកពិន័យធ្ងន់ធ្ងរជាងពេលមុនៗ TNAOT APP សូមជម្រាបជូនខ្លះៗថា ការបើកបរមិនគោរពផ្លាកសញ្ញាហាមឃាត់ ឬផ្លាកសញ្ញាបញ្ជា ឬសិទ្ធអាទិភាព ឬគំនូសថ្មើរជើងឆ្លងកាត់ រថយន្តធុនស្រាល ត្រូវពិន័យ ១៥០០០០រៀល (១៥ម៉ឺនរៀល) រថយន្តធុនធ្ងន់ ត្រូវពិន័យ៣០ ០០០០០ (៣០ម៉ឺនរៀល) ប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត រថយន្តធុនស្រាល ត្រូវពិន័យ១៨ ០០០០ (១៨ម៉ឺនរៀល) រថយន្តធុនធ្ងន់ ត្រូវពិន័យ ៣៧ ៥០០០រៀល (៣៧ម៉ឺន ៥ពាន់រៀល) អ្នកបើកបរក្នុងស្ថានភាពស្រវឹង រថយន្តធុនស្រាល ត្រូវពិន័យ ៤០ ០០០០រៀល(៤០ម៉ឺន) រថយន្តធុនធ្ងន់ ត្រូវពិន័យ ៨០ ០០០០រៀល (៨០ម៉ឺន) រួមជាមួយការពិន័យលើការល្មើសច្បាប់ផ្សេងៗទៀតជាច្រើនផងដែរ ៕ ដោយ៖ ផេង ភាព