ចាំស្អែក! ចាំបន្តិចមានឱកាសសិន! ចាំទំនេរសិន! ចាំលើកក្រោយ! ចាំមើលគេសិន! ចាំសិន! ចាំ…
ចាំឥតកាលបរិច្ឆេទ ហេតុអីមនុស្សមួយចំនួនចូលចិត្តបង្ហិនពេលវេលាខ្លាំងម៉្លេះ? មិនធ្លាប់មានអ្នកប្រាប់ទេឬថា «ពេលវេលាជាមាសប្រាស់»?
ខាងក្រោមនេះជាអ្វីដែលពួកគេបានជួបប្រទះក្នុងជីវិត៖
– បងទី១ ឈ្មោះថា ចាំស្អែក
ស្អែកពិតជាគ្មានទីបញ្ចប់សម្រាប់គាត់ឡើយ ស្អែកហើយស្អែកទៀត ស្អែកភ្លេចៗខ្លួន គាត់បានអោយពេលវេលាកន្លងហួសទៅអស់ ៣០ឆ្នាំ។ រយៈពេលដែលគាត់ចាំ គឺស្អែកដល់ទៅ៣០ឆ្នាំ មនុស្សឮជុំវិញខ្លួនគាត់កំពុងតែរស់នៅសោយសុខជាមួយនឹងពេលវេលាដ៏មានក្តីសុខ និងភាពមានបានជាមួយនឹងគ្រួសាររបស់ពួកគេ បន្ទាប់ពីពេលវេលាដ៏ហត់នឿយកន្លងផុតទៅ។ ប៉ុន្តែមិនមែនជាម្នាក់ដែលតែងនិយាយថាចាំស្អែកនេះទេ។
– បងទី២ ឈ្មោះថា ចាំមានឱកាសសិន
ឱកាសមិនរត់រកគាត់ទេ ដូច្នេះគ្មាននរណាម្នាក់ដឹងថាតើពេលណាទើបគាត់អាចទទួលបានឱកាសហើយអាចសម្រេចគោលដៅជីវិតគាត់នោះទេ។ ខណៈពេលដែលគាត់កំពុងរង់ចាំឱកាស គាត់មិនបានខ្វល់ទេថា មនុស្សជុំវិញខ្លួនបានបង្កើតឱកាសសម្រាប់អនាគតគេដោយខ្លួនឯង ហើយជីវិតពួកគេក៏ជោគជ័យតាមកំណត់រៀងៗខ្លួន។ តើឱកាសអាចមករកគាត់ដែរទេ ចុះបើក្នុងមួយជីវិតគាត់គ្មានឱកាសនោះ វានឹងទៅជាយ៉ាងម៉េចទៅ?
– បងទី៣ ឈ្មោះថា ចាំទំនេរសិន
រវល់នោះរវល់ តែរវល់តែកិច្ចការមិនបានប្រយោជន៍អី។ រវល់ឈឺ រវល់រៀន រវល់ពិបាកចិត្ត រវល់ដេក… មើលទៅគាត់ដូចជារវល់ខ្លាំងណាស់! មិនដឹងថាពេលណាគាត់អាចទំនេរធ្វើកិច្ចការអនាគតគាត់បានទេ។ តែមើលទៅគាត់មិនរវល់ដល់មនុស្សជុំវិញខ្លួនគាត់ទេ គ្រប់គ្នាសុទ្ធតែរវល់ តែគេតែងឆ្លៀតពេលរវល់របស់ខ្លួនទៅធ្វើកិច្ចការផ្សេងៗ។ វាហត់នឿយបន្តិចមែន តែពួកគេនឹងបានសោយសុខបន្ទាប់ពីពេលវេលាដ៏ហត់នឿយកន្លងទៅ។
– បងទី៤ ឈ្មោះថា ចាំលើកក្រោយ
មិនខុសអីពីបងទី២ គឺលើកក្រោយរាប់មិនអស់ ចេះតែបណ្តោយអោយពេលវេលាហួសទៅមុខទៅៗរហូតខ្លួនឯងត្រូវជួបរឿងស្តាយក្រោយនៅក្នុងជីវិត។ រឿងខ្លះវាមិនអាចមានលើកក្រោយនោះទេ ដូច្នេះធ្វើវាអោយល្អពីពេលចាប់ផ្តើមទៅបងទី៤។
– បងទី៥ ឈ្មោះថា ចាំមើលគេសិន
រវល់តែចាំមើលគេ មិនដឹងថាចំណាយពេលយូរប៉ុណ្ណាហើយទេ។ មនុស្សយើងខុសគ្នា បែបផែនជីវិតក៏ខុសគ្នា ហើយការរើសផ្លូវដើរទោះដូចគ្នា តែមិនមែនឧបសគ្គដូចគ្នាឯណា។ គាត់ចាំតែដើរតាមលំនាំជិវិតអ្នកដទៃ ហើយលែងខ្វល់លកលៃប្រើគំនិតខ្លួនឯងអស់ហើយ។ ចាំទាល់តែអស់ពីខ្លួនទៅបង!
– ប្អូនពៅ ឈ្មោះថា ចាំសិន
មិនដឹងថាចាំអីអោយប្រាកដ ម្តងចាំស្អែក ម្តងចាំលើកក្រោយ ម្តងចាំទំនេរសិន… ចាំមិនច្បាស់លាស់ ចេះតែចាំៗហើយអត់មានសកម្មភាពអីសោះ។ ឬមួយគាត់ចាំគេវាយបង្ខំអោយនោះជំហានទៅធ្វើអីមួយ?
ការចាំអត់ដែនកំណត់បែបនេះ ល្អដែរហ្ហរ! អ៊ីចឹង ចាំអ៊ុតមើលមើល៎ថាតើអនាគតគាត់នឹងទៅជាយ៉ាងណាដែរ។
ចុះអ្នកដែលកំពុងអានវិញ តែងតែធ្វើតាមបងប្អូនពួកគេដែរទេ ឬមួយ…?
ចូរចាំណា៎ លើលោកនេះគ្មានអ្វីដែលថាបានមកដោយឯកឯងនោះទេ គ្រប់យ៉ាងគឺមនុស្សត្រូវតែបង្កើតវាដោយខ្លួនឯង។ ហើយមិនចាំបាច់មើលលំនាំជីវិតអ្នកណា ឬប្រៀបខ្លួននឹងអ្នកណានោះទេ ព្រោះភាពជោគជ័យបានមកដោយរបៀបខុសៗគ្នា និងអត្ថន័យខុសៗគ្នា។
អានអត្ថបទនេះហើយ ឈប់ចាំទៀតទៅ ចូរធ្វើវាឥលូវនេះ ព្រោះជោគជ័យកំពុងរង់ចាំអ្នក៕