អង្គការសិទ្ធិមនុស្សស៊ីរី SOHR បានប្រកាសថា មានការវាយប្រហារគ្រាប់បែកទៅលើរថយន្តដឹកប្រេង នៅក្នុងទីក្រុង Afrin ភាគខាងជើងស៊ីរី កាលពីថ្ងៃទី២៨ ខែមេសា បណ្តាលឲ្យមនុស្សជិត១០០នាក់ស្លាប់ និងរបួស។
ការវាយប្រហារនេះបានកើតឡើង នៅតំបន់ផ្សារដែលមានមនុស្សច្រើន ក្នុងទីក្រុង Afrin ក្នុងពេលពលរដ្ឋទៅផ្សារទិញអីវ៉ាន់ សម្រាប់ខែរ៉ាម៉ាដាន់។
អគ្គនាយក SOHR លោក Rami Abdul Rahman បានបញ្ជាក់ថាការវាយប្រហារគ្រាប់បែកនោះបានសម្លាប់មនុស្សដល់ទៅ៤៦នាក់ និងជាង៥០នាក់រងរបួស ក្នុងនោះមានអ្នករបួសធ្ងន់ជាច្រើន កំពុងសង្គ្រោះបន្ទាន់ អាចនឹងមានអ្នកស្លាប់បន្តកើនឡើងខ្ពស់។ លោក Rami Abdul Rahman បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់មានខ្មាន់កាំភ្លើង៦នាក់ផងដែរ។
មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួននៅឡើយទេ។ ស្ថានភាពសន្តិសុខ នៅក្នុងប្រទេសស៊ីរី ប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ អស់ពីសង្គ្រាមវាយប្រហារភេរវកម្ម ដល់សង្គ្រាមវាយប្រហារដោយកម្លាំងទាហានតួកគីទៅលើក្រុមជនជាតិឃឺដ តាំងពីខែមីនា ឆ្នាំ២០១៨៕ ប្រែសម្រួលដោយ៖MEO