អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានប្រតិកម្ម ក្រោយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទារសំណងពីចិន ពាក់ព័ន្ធនឹងកូវីដ១៩ ដោយចាត់ទុកថា នេះជារឿងមិនសមហេតុផលឡើយ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងទាមទារឲ្យចិន សងសំណងពីការខាតបង់សេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់ថា«មនុស្សគ្រប់គ្នាចង់ដឹងថា កូវីដ១៩ កើតឡើង នៅលើទឹកដីអាមេរិកដំបូងគេ នាពេលណា? តើរដ្ឋាភិបាលអាមេរិកបានលាក់បាំងអ្វីខ្លះ? ហេតុអ្វីបានជាអាមេរិកព្យាយាមទម្លាក់កំហុសទៅឲ្យប្រទេសដទៃនិងអង្គការអន្តរជាតិ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី កាលពីថ្ងៃទី២៨ ខែមេសាបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចាត់វិធានការទប់ស្កាត់កូវីដ១៩យឺតយ៉ាវ ក្នុងពេលអ៊ីតាលី និងប្រទេសតំបន់អឺរ៉ុបឆ្លងច្រើនហើយ តែអាមេរិកធ្វើព្រងើយ។
រដ្ឋាភិបាលចិនបានស្នើឲ្យរដ្ឋាភិបាលរបស់លោក ត្រាំ ផ្តោតលើការទប់ស្កាត់កូវីដ១៩ ទើបជារឿងដ៏ប្រសើរ។ ចិនបានចោទប្រកាន់អាមេរិកថា មានចេតនាបំផ្លាញកិត្តិយសរបស់ចិន នៅលើឆាកអន្តរជាតិ។ មន្ត្រីចិនបានបញ្ជាក់ថា ទាំងអាមេរិក និងចិន សុទ្ធតែរងគ្រោះ ដោយសារកូវីដ១៩ ដូចគ្នា។ កូវីដ១៩ គឺជាសត្រូវរួមរបស់មនុស្សជាតិ ហើយរាល់ការចោទប្រកាន់ និងទម្លាក់កំហុសទៅឲ្យចិន គឺជារឿងបរាជ័យ៕ ប្រែសម្រួលដោយ៖ MEO