គណ:រដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានអនុម័តលើថវិកា៥០ពាន់លានបាត (លុយថៃ) ឬស្មើនឹង ១៥ ៤២០ ៣៨០ ៧៥៦ដុល្លារអាមេរិក ដើម្បីបង្កើននូវគុណភាពសិក្សា ទាំងសាលាបឋម និងមធ្យមសិក្សា ចំនួន៨ពាន់ ក្នុងតំបន់ជនបទ នៅទូទាំងប្រទេស ចន្លោះពីឆ្នាំ២០២០ដល់២០២២។
យោងតាមរដ្ឋមន្រ្ដីក្រសួងអប់រំ លោក Nataphol Teepsuwan បានឲ្យដឹងថា ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងត្រូវប្រើប្រាស់ សម្រាប់បណ្ដុះបណ្ដាលជំនាញភាសាបរទេសដល់សិស្ស នៅក្នុងសាលាទាំងនោះ ដែលជាធម្មតាមិត្ដភក្ដិរបស់ពួកគេសិក្សានៅសាលាល្បីៗ។
លោករដ្ឋមន្រ្ដី បានឲ្យដឹងថា «យើងចង់បង្រួមគម្លាតនេះ ដើម្បីបង្កើនគុណភាពការអប់រំរបស់យើង»។ បើតាមគម្រោងនេះ សាលានីមួយៗនឹងត្រូវជ្រើសរើស ហើយផ្ដល់នូវមូលនិធិ សម្រាប់បង្កើននូវគុណភាព នៃការបង្រៀន។
លោករដ្ឋមន្រ្ដីបានបន្ដថា ដើម្បីបង្កើនជំនាញភាសាបរទេសដល់សិស្សទាំងនោះ ក្រសួងអប់រំកំពុងរៀបចំគម្រោងជួលសាស្រ្ដាចារ្យជាច្រើននាក់ ដែលមានដើមកំណើតជាអង់គ្លេស និងអ្នកមានដើមកំណើតនិយាយភាសាចិនកុកងឺ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ស្ថានទូតបរទេសនានាឲ្យជួយលោក ស្វែងរកអ្នកនិយាយភាសាដើម ដែលអាចបង្រៀនភាសាបរទេសដល់សិស្ស និងនិស្សិតថៃ។ នេះក៏ជាផ្នែកមួយ នៃកម្មវិធីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ។
លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្នមានសាស្រ្ដាចារ្យបរទេសចំនួន៧ពាន់នាក់ នៅក្នុងប្រទេសថៃ។ ប៉ុន្ដែចំនួននេះមិនអាចគ្រប់គ្រាន់ សម្រាប់ការបង្រៀនដល់សិស្ស និងនិស្សិតថៃនោះឡើយ។ ដូច្នេះថៃនឹងត្រូវការសាស្រ្ដាចារ្យ១ម៉ឺននាក់បន្ថែមទៀត។ សាស្រ្ដាចារ្យទាំងនោះ ត្រូវតែមានជំនាញខាងបណ្ដុះបណ្ដាល ដើម្បីបញ្ជាក់ពីគុណតម្លៃ នៃការងារនេះ៕ ប្រែសម្រួលដោយ Nuon