ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំជាង ៨ម៉ឺននាក់ទទួលបានថវិកា ដែលជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមលោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានកាលពីម្សិលមិញ លោក តូច ចាន់នី បានលើកឡើងថា ក្រសួងបានកំពុងដាក់ឱ្យដំណើរការសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារស្ថិតនៅក្រោមអាយុ ២ឆ្នាំក្នុងគ្រួសារក្រីក្រ ដែលកម្មវិធីនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ចខាងលើបានបញ្ជាក់ថា បើគិតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ចបានផ្តល់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារមានចំនួន ៨៤,៧៧៦នាក់ និងចំណាយថវិកាសរុបចំនួន ១៨៨,៧៧៩លានរៀល។ ការធ្វើបែបនេះជាគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលពីមុនមកមិនមាននោះទេ។ ទន្ទឹមនេះ ស្ត្រីដែលក្រីក្រគាត់គ្មានលទ្ធភាពទៅពិនិត្យសុខភាព កូនខ្វះអាហារូបត្ថម្ភជាដើម ដែលចំណុចនេះបានបង្ហាញថា រាជរដ្ឋាភិបាលបានគិតគូរក្នុងការជួយប្រជាពលរដ្ឋក្រីក្រ។
លោក តូច ចាន់នី បានបន្ថែមទៀតថា បើគិតជាមធ្យមក្នុង១ថ្ងៃមានស្ត្រីមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ ដែលបានមកចុះឈ្មោះមានចំនួនប្រមាណជាង២០០នាក់។ អ្នកដែលមកពិនិត្យតាមលក្ខខ័ណ្ឌកំណត់របស់គ្រូពេទ្យមានជាមធ្យមប្រមាណ៨០០នាក់ និងអ្នកមកសម្រាលកូនមានប្រមាណ១០០នាក់ ក្នុងមួយថ្ងៃដែលអ្នកសម្រាលឧបត្ថម្ភ ប្រាក់២០ម៉ឺនរៀល៕ ដោយ៖ តារា