អូស្ត្រាលីទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ដោយសារពេលនេះ អូស្ត្រាលីបានប្រកាសពីជ័យជម្នះ ហើយពលរដ្ឋអូស្ត្រាលីនឹងទទួបានសេរីភាពឡើងវិញ នៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ។ បើទោះជាបែបណាក្តី អូស្ត្រាលីនៅតែប្រុងប្រយ័ត្នខ្ពស់ ដោយសារតែនៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ ដល់ទៅជាង៣លាននាក់ហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានប្រកាសនៅថ្ងៃទី២៨ ខែមេសាថា បើទោះបីយើងមិនទាន់ដើរដល់ចំណុចចុងក្រោយ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ នៅអូស្ត្រាលី ប៉ុន្តែពេលនេះយើងអាចនិយាយថា យើងទទួលបានជោគជ័យទាំងស្រុង ដោយការពារអាយុជីវិតពលរដ្ឋបានជាច្រើន។
ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ អូស្ត្រាលីមានករណីឆ្លងកូវីដ១៩ចំនួន១០០នាក់ប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លង សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៦៧២៧ នាក់ ក្នុងនោះមាន៨៣ភាគរយបានជាសះស្បើយ និងមានអ្នកស្លាប់តែ៨៥នាក់ប៉ុណ្ណោះ។
លោក Greg Hunt បន្តទៀតថា សញ្ញាល្អបំផុតនោះ គឺអូស្ត្រាលីគ្រប់គ្រង់បានការឆ្លងរាលដាល ដោយក្នុងរយៈពេល២៤ម៉ោង អូស្ត្រាលីរកឃើញអ្នកឆ្លងតែ១២នាក់ប៉ុណ្ណោះ។ មកទល់ពេលនេះ អូស្ត្រាលីបានធ្វើតេស្តទៅលើពលរដ្ឋដល់ទៅជាង៥សែននាក់ ហើយការធ្វើតេស្តនៅតែបន្តពង្រីកថែមទៀត។ ដោយសារជោគជ័យខាងលើ មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ New south Wales បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែឧសភា នឹងចាប់ផ្តើមលុបច្បាប់គម្លាតសង្គម៕ ប្រែសម្រួលដោយ៖ MEO