Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លក្ខខណ្ឌសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន កំពុងដាក់បន្ទុកកាន់តែធ្ងន់លើពលរដ្ឋក្រីក្រ

ពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​បង្ហាញ​ក្តីបារម្ភ ខ្លាចធនាគារធ្វើការរឹបអូសទ្រព្យសម្បត្តិ និងផ្ទះសម្បែង ស្រប​ពេល​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​ពួក​គេ​ ហាក់​ធ្លាក់​ចុះ​ខ្លាំង ក្រោយមាន​ផ្ទុះក​រណី​ជំងឺកូវីដ​១៩ ដោយ​មួយ​ចំនួនប្រឈម មិនអាចរកលុយបង្គ្រប់សងធនាគារ ក្នុងអំឡុងនេះបាន។

ពលរដ្ឋ​មាន​របរ​ផ្ទាល់ខ្លួន​ មិ​ន​មែន​ធ្វើការ​ងារ​ក្រុម​ហ៊ុន គឺ​កំពុង​ជួប​ផល​វិបាក​ខ្លាំង​នៅ​ពេល​នេះ ក្នុង​នោះ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ក៏​បាន​លើកឡើងពីគោលការណ៍ និងលក្ខខណ្ឌសម្របសម្រួលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន មិនមានការយោគយល់ ពន្យារពេលសងការប្រាក់ ឬបន្ធូរបន្ថយការបង់រំលោះ ឱ្យបានតិចជាងមុនឡើយ។

លើស​ពីនេះធនាគារមួយចំនួនទៀត បានប្រើប្រាស់នូវលក្ខខណ្ឌបង់រំលោះ សម្រាប់អ្នកជំពាក់បំណុល ដោយតម្រូវឱ្យពួកគេ ខ្ចីលុយធនាគារបន្ថែម ដើម្បីបង្វិលសងបំណុលចាស់ ខណៈខ្លះទៀត បានធ្វើការពន្យារពេលបង់ការប្រាក់ ក្នុងរយៈពេល៣ខែ ប៉ុន្តែត្រូវសងសរុប ទាំងការនិងដើមក្នុងខែទី៤វិញ។ នេះ​ជាការ​លើក​ឡើង​របស់​បងប្អូន​ពលរដ្ឋ​ខ្មែរ ដែលកំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ។

លោក វណ្ណា សារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មាន​របរ​ជាអ្នក​រត់​កង់បី បានសម្តែងភាពអស់សង្ឈឹម ខណៈពេលរកលុយមិនបាន សម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងផ្ទះ និងបង់រំលោះធនាគារផង។

លោក​បានប្រាប់​ TNAOT APP យ៉ាង​ដូច្នេះ​ថា «កន្លងមកមិនបានទទួលការសម្របសម្រួលពីខាងធនាគារទេ។ ខ្ញុំបានសំណូមពរសុំបង់តែប្រាក់ដើម ដោយមិនបង់ប្រាក់ការទេ ព្រោះរដូវកូវីដនេះ យើងរកកង់បីវាមិនសូវបាន​ តែ​រហូតមកដល់ឥឡូវ នៅ​តែមិនមានការសម្របសម្រួលពីខាងធនាគារទេ គឺប្រាក់នៅតែបង់ជារៀងរាល់ខែដដែល»។

លោកថា ដោយមើលឃើញពីផលលំបាករបស់អ្នករត់ Pass App រូបនេះ មន្ត្រីភ្នាក់ងារឥណទានរបស់មីក្រូហិរញ្ញវត្ថុមួយ បានណែនាំឱ្យគាត់ខ្ចីលុយធនាគារបន្ថែមទៀត ដើម្បីបង្វិលសងលើបំណុលចាស់ ហើយចាប់ផ្តើមគិតគូរទៅលើការសងបំណុលថ្មី។

ជាមួយ​គ្នានេះ អ្នកបើកបរម៉ូតូសណ្តោងកង់បី លោក យ៉ៅ សំអ៊ុល អាយុ ៤៩ឆ្នាំ រស់នៅទីក្រុងភ្នំពេញបាន​ឱ្យដែរដឹងថា លោកជំពាក់ធនាគារ ៥០០០ដុល្លារ ហើយត្រូវសងរំលោះរយៈពេល ៣ឆ្នាំ។ លោកក៏ថា បានទាក់ទង​ធនាគារ​ដែរ ដើម្បី​ពន្យារពេល​សងបំណុល ប៉ុន្តែ​ខាង​ធនាគារ​នៅតែមិន​ព្រម។

ដោយមើលឃើញ មិនមានការជួយសម្របសម្រួល ពីខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនយ៉ាងដូច្នេះ អង្គការសង្គមស៊ីវិលបានចាត់ទុកថា ការប្រើគោលការបែបនេះ ពីខាងធនាគារ គឺគ្មានការអនុគ្រោះដល់ក្រុមអ្នកប្រឈមឡើយ ក្នុងស្ថានភាពប្រទេសកំពុងកើតមានវិបតិ្តកូវីដ។

លោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព បានលើករកឃើញថា សមាជិករបស់លោក ៨០% សុទ្ធ​តែ​ជំពាក់បំណុលធនាគារ ហើយពួកគេមានភាពយ៉ាប់យឺត ក្នុងការរកលុយដើម្បីចំណាយថ្លៃជួលផ្ទះ ទឹកភ្លើង អាហារប្រចាំថ្ងៃ និងសងបំណុលធនាគារ។

លោកថា មានធនាគារមួយចំនួន បានប្រើប្រាស់គោលការពន្យារពេល បង់រំលោះរយៈពេល ៣ខែ ហើយត្រូវសងវិញ សរុបទាំងការ ទាំង​ដើមនៅខែទី៤។

“អាហ្នឹងគេមែនហៅថាជួយទេ ! សូមឲ្យ​ធនាគារពិចារណាឡើងវិញ បើតបតាមការអំពាវនាវរបស់សម្តេចតេជោ គឺ​សុំធនាគារយោគយល់ប្រជាពលរដ្ឋ ឱ្យគ្នាបានរស់ផង”។ នេះ​ជា​ការ​លើក​ឡើង​របស់ប្រធានសមាគម​រូប​នេះ។

លោកបញ្ជាក់​ថា ករណី​នេះ មិនមែន​ទូទៅ​ក៏ពិតមែន ប៉ុន្តែព័ត៌​មាន​លោក​ទទួល​បាន ពេល​ធនាគារ​ព្រម​លើក​ពេល​បង់​សង​ត្រឡប់​ទៅ​វិញ ​ត្រូវ​ឲ្យ​ធ្វើបែប​នេះ គឺ​បង់​ទាំង​ ៤ខែតែម្តង។

ឆ្លើយ​តប​បញ្ហា​នេះ​ដូច​គ្នា អ្នក​អង្កេតស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ និង​ជាស្ថាបនិក Bizkhmer Media  អះអាង​ នៅ​មិនបានដឹងច្បាស់ពីកម្រិតប៉ះពាល់ រវាងអ្នកជំពាក់បំណុលជាមួយ ខាងវិស័យធនាគារ មានទំហំប៉ុន្មានណានោះទេ ប៉ុន្តែបើសិនមានរឿងកើតឡើងបែបនេះ លោកគិតថា បងប្អូនជាម្ចាស់អាជីវកម្ម ត្រូវតែមានភាពឆ្លាតវៃក្នុងការគិតពិចារណា។

លោកថា ធនាគារនៅស្រុកយើងមួយចំនួនធំ ខ្លះក៏ខ្ចីគេមកពីក្រៅដែរ គេក៏មានបន្ទុកដូចគ្នាដែរ។ អ្វី​សំខាន់​ពេល​នេះ យើង​ត្រូវមានភាពឆ្លាតវៃខ្លួនឯង មិនត្រូវយកបន្ទុកមកដាក់ថែមទេ គួរចេះសម្រាលបន្ទុកតាមរយៈ​ការរង់ចាំឱកាសល្អ នៅពេលសេដ្ឋកិច្ចល្អឡើងវិញ បើមិនចឹងទេយើង គឺ​អាច​រង់ចាំមើលជំនួយពីរដ្ឋាភិបាល។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីប្រចាំកម្ពុជា បានប្រកាសឱ្យបណ្តាធនាគារ គួរមាន​ការយោគយល់ ពន្យារពេលបង់រំលោះប្រាក់បំណុល ខណៈរាជរដ្ឋាភិបាលបានឈ្វេងយល់ថា ស្ថានភាពកូវីដ១៩ នៅកម្ពុជា អាចធ្វើឱ្យមានការធ្លាក់ចុះនូវប្រាក់ចំណូលលើវិស័យអាជីវកម្ម។

ជាមួយគ្នានេះ ក្រុមអ្នកប្រកបមុខរបរខ្នាត់តូច ដែលជាប់បំណុតធនាគារបានចាត់ទុកថា គោលការសម្របសម្រួល របស់ធនាគារមួយចំនួន ទាក់ទងនិងការសងប្រាក់បំណុល គឺវាមិនបានឆ្លើយតបទៅ និងការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលឡើយ៕ ដោយ៖ ឃួន​ លក្ខិណា

from: https://tnaot.com/km/m/detail/article/9174437