ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងថា កិច្ចការសំខាន់បំផុតពេលនេះ គឺនៅតែត្រូវប្រយ័ត្នចំពោះជំងឺកូវីដ១៩ គ្រប់ពេលវេលា។ លោកអភិបាលខណ្ឌបានលើកឡើងបែបនេះក្នុងពេលទទួលនូវទេយ្យវត្ថុ និងបច្ច័យដើម្បីចូលរួមជាមួយផ្នែកអាណាចក្រ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ពីព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគុណខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ
ក្រៅពីបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យជ្រះថ្លា របស់ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌ ដោយកាយវិការសប្បរសធម៌ មនុស្សធម៌ ដើម្បីចូលរួមបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩។
លោក អភិបាលខណ្ឌ ក៏បានលើកឡើងថា ទោះបីជាកម្ពុជានៅសល់ចំនួន អ្នកកំពុងព្យាបាលតែ៣នាក់ទៀត ហើយនឹងឈានទៅជាអស់នៅពេលឆាប់ៗនេះក៏ដោយ។ រឿងសំខាន់ដែលយើង ត្រូវរួមគ្នាធ្វើគឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំឲ្យមេរោគ កូវីដ១៩ បន្ថែមទៀត។ លោកបានអំពាវនាវ ឲ្យអនុវត្តតាមវិធានណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនបំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អំណោយជាទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួន លោកនិងយកទៅប្រើប្រាស់ ឲ្យចំទិសដៅក្នុងសកម្មភាពមនុស្សធម៌ ចន្លោះពេលដែលជំងឺកូវីដ១៩ គំរាមកំហែងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជួយសម្រាលការលំបាក ដល់ក្រុមគ្រួសារណា ដែលមានជីវភាពខ្វះខាត ក្រុមគ្រួសារងាយរងគ្រោះ៕ ដោយ៖ ប៊ុនធឿន