តម្លៃប្រេងសកលបានធ្លាក់ថ្លៃម្តងទៀត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីស្ទុះងើបបានបន្តិច កាលពីសប្តាហ៍មុន ។ ការធ្លាក់ថ្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ឃ្លាំងស្តុកប្រេងទាំងឡាយ នៅលើពិភពលោកបាននិងកំពុងពេញប្រៀប និងភ័យខ្លាចអំពីការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ ទើបនាំឲ្យបន្តធ្លាក់ចុះការបញ្ជាទិញ ។
តម្លៃប្រេងប្រភេទ WTI (West Texas Intermediate) សម្រាប់ខែមិថុនា បានធ្លាក់ចុះជិត២៥ភាគរយ មកនៅត្រឹម ១២ ដុល្លារ និង៧៨សេន ក្នុងមួយបារ៉ែល ក្រោយពីពេលមុននេះ ការជួញដូរបានធ្លាក់ទាបត្រឹម១១ដុល្លារ និង៨៨សេន ។ នេះបើតាមការផ្សាយរបស់ប្រភព Arirang ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
ប្រភពបន្តថា ចំណែកប្រេងឆៅប្រភេទ Brent គោលអន្តរជាតិ បានធ្លាក់ថ្លៃចំនួន៧ភាគរយ នៅត្រឹម ១៩ដុល្លារ និង៩១សេនប៉ុណ្ណោះ ។
ក្រុមហ៊ុន Pundits បានបញ្ជាក់ពីទីផ្សារថា បញ្ហាស្តុកទុកប្រេងនៅតែមាន ហើយកំពុងស្ថិតនៅលើចំណុចដែលនឹងកើនឡើងដល់កំពូល នៅក្នុងសប្តាហ៍ខាងមុខនេះថែមទៀតផង។
អង្គការផលិតប្រេង OPEC និងប្រទេសសម្ពន្ធមិត្តផលិតប្រេង បានព្រមព្រៀងកាត់បន្ថយផលិតកម្ម ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនឹងចាប់ផ្តើម នៅខែខាងមុខនេះ ។ ប៉ុន្តែជំនាញភាគច្រើនគិតខ្លាចថា កាត់បន្ថយផលិតកម្មចំនួនប៉ុណ្ណេះ មិនសមល្មមជាមួយនឹងការធ្លាក់ចុះបញ្ជាទិញយ៉ាងច្រើនសន្ធឹកនោះទេ ៕ ប្រែសម្រួលដោយ៖ thach yat