ភ្នំពេញ៖ កម្ពុជាបន្តមិនមានករណីឆ្លងកូវីដ១៩ ថ្មី និងក៏មិនមានករណីព្យាបាលជាសះស្បើយ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១១៩នាក់ ស្មើរនឹង ៩៧,៥៤ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៤៨នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ៣នាក់ទៀតប៉ុណ្ណោះ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។
សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១១៩នាក់ ប៉ុន្តែគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា