បើទោះជាមានការរាតត្បាតដោយវីរុសកូវីដ១៩ក្ដី តែក្នុងរយ:ពេល៤ខែដំបូង នៃឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) រហូតដល់ទៅ១២,៣៣ពាន់លានដុល្លារអាមេរិក។
យោងតាមភ្នាក់ងារវិនិយោគបរទេសរបស់ក្រសួងផែនការ និងវិនិយោគរបស់វៀតណាម (FIA) បានឲ្យដឹងថា ក្នុងរយ:ពេល៤ខែដំបូង នៃឆ្នាំ២០២០នេះ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន១២,៣៣ពាន់លានដុល្លារអាមេរិក។ ចំនួននេះមានការថយចុះ១៥,៥ភាគរយ ដោយសារឥទ្ធិពល នៃការរាតត្បាតពីកូវីដ១៩។
FIA បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ បើតាមតួលេខនេះ ក៏នៅតែខ្ពស់ជាងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៨ និង ២០១៧ ដោយមានត្រឹមតែ ៥,៨ពាន់លានដុល្លារ និង៩,២ពាន់លានដុល្លារអាមេរិក។ នៅក្នុងអំឡុងពេល៤ខែមកនេះ ក៏មានគម្រោងវិនិយោគថ្មីរបស់បរទេស ចំនួន៩៨៤ ត្រូវបានផ្ដល់អាជ្ញាប័ណ្ណ ដែលមានទុនសរុប ៦,៧៨ពាន់លាន ដុល្លារអាមេរិក ។
វិនិយោគិនបរទេស បានសន្យាថា នឹងបណ្តាក់ទុន នៅក្នុងវិស័យចំនួន១៨ ក្នុងនោះការផលិត និងការកែច្នៃ ដោយមានទឹកប្រាក់ជិត៦ពាន់លានដុល្លារ ឬស្មើនឹង ៤៨,៤ ភាគរយ នៃមូលធនសរុប។ បន្ទាប់មកគឺការផលិត និងការចែកចាយថាមពល (៣,៩ ពាន់លានដុល្លារ) លក់ដុំនិងរាយ (៧៧៦ លានដុល្លារ) ហើយអចលនទ្រព្យ (៦៦៥ លានដុល្លារ) ។
ប្រទេសសិង្ហបុរី គឺជាប្រភព នៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ប្រទេសនេះ មានប្រមាណចំនួន៤១ភាគរយ ឬស្មើនឹង៥,០៧ ពាន់លានដុល្លារអាមេរិក។ ប្រទេសថៃ និងជប៉ុន បានឈរលំដាប់បន្ទាប់ ដោយមានទឹកប្រាក់ ១,៤៦ ពាន់លានដុល្លារអាមេរិក និង ១,១៦ ពាន់លានដុល្លារ ហើយបន្ទាប់មកចិនដីគោក តៃវ៉ាន់ និងសាធារណរដ្ឋកូរ៉េ៕ ប្រែសម្រួលដោយ Nuon