ចំនួនពលរដ្ឋអាមេរិក អត់ការងារធ្វើកើនឡើង ខ្ពស់ក្នុងខែមេសានេះបង្ខំឲ្យរដ្ឋមួយចំនួននៅអាមេរិក មិនខ្វល់ពីការឆ្លងកូវីដ១៩ ដោយបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា បើទោះបីមានការព្រមានពីអ្នកឯកទេសសុខាភិបាលសាធារណៈ តែរដ្ឋមួយចំនួនសម្រេចដំណើរការសេដ្ឋកិច្ច ក្រោយពលរដ្ឋអត់ការងារធ្វើកើនឡើងដល់ ១៦ភាគរយក្នុងខែមេសា។ ការបើកទ្វារដំណើរការសេដ្ឋកិច្ច អាចនឹងបង្កឲ្យមានអ្នកឆ្លងកើនឡើងខ្ពស់ជាបន្តទៀត។
បច្ចុប្បន្នមានរដ្ឋ Colorado, Mississippi, Minnesota, Montana និង Tennessee បានបើកទ្វារដំណើការសេដ្ឋកិច្ច ប៉ុន្តែបានស្នើដល់ពលរដ្ឋប្រុងប្រយ័ត្នគ្រប់ៗគ្នា ទប់ស្កាត់ការឆ្លង។ ភាគច្រើនរដ្ឋដែលបើកទ្វារ គឺមានអភិបាលរដ្ឋ មកពីគណបក្សសាធារណរដ្ឋ។ ចំណែកបណ្តារដ្ឋ ដែលមានអភិបាលមកពីគណបក្សប្រជាធិបតេយ្យ មិនទាន់បើកទ្វារនៅឡើយ។
ជាក់ស្តែងនៅក្នុងរដ្ឋ Minnesota នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ មានពលរដ្ឋដល់ទៅ១សែននាក់បានចាប់ផ្តើមទៅធ្វើការ នៅក្នុងក្រុមហ៊ុននានា និងការិយាល័យផងដែរ។
ពលរដ្ឋអាមេរិក មិនអាចស៊ូទ្រាំឃុំខ្លួន នៅក្នុងផ្ទះនោះឡើយ ពលរដ្ឋជាច្រើន បាននាំគ្នាធ្វើបាតុកម្មទាមទារ លុបច្បាប់បម្រាមគោចរ ផ្តល់សេរីភាព និងការងារធ្វើដល់ពលរដ្ឋវិញ៕ប្រែសម្រួលដោយ៖ MEO